ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យកណ្ដាល ម្នាក់ទាស់ពាក្យសម្តីជាមួយមិត្តភក្តិត្រូវគេព្រួតគ្នាវាយសន្លប់រងរបួសធ្ងន់ រួចដឹកយកទៅទម្លាក់ចោលនៅផ្លូវវាងក្រុង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកសន្លប់នៅក្បែរផ្លូវវាងក្រុង រួចប្តឹងសមត្ថកិច្ចឲ្យយករថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យបង្អែកខេត្ត ខណ:ជនរងគ្រោះ មានជម្លោះពាក្យសម្តីជាមួយមិត្តភក្តិផ្សេងទៀត ស្រាប់តែគេព្រួតគ្នាវាយ បណ្តាលឲ្យរងរបួសសន្លប់ ត្រូវគេដឹកយកទៅបោះចោលនៅផ្លូវវាងក្រុងប៉ៃលិនតែម្តង ។

ហេតុការណ៍ប្រទះឃើញជនរងគ្រោះនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទី យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវវាងក្រុង ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ណេត សារឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងមានស្រុកកំណើតរស់នៅក្នុងភូមិស្រែថ្មី ឃុំកញ្ច្រៀច ស្រុកកញ្ចៀច ខេត្តព្រៃវែង ដោយរងរបួសជាំពេញខ្លួន របួសបែកក្បាល ជាំភ្នែក មានម្តាយ ឈ្មោះ សម្បត្តិ ឪពុក ឈ្មោះ ឡុង សារ៉ន ។

ជនរងគ្រោះ ឈ្មោះ ណេត សារឿន បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគេធ្វើដំណើរពីខេត្តព្រៃវែងឆ្ពោះទៅខេត្តបាត់ដំបង ដើម្បីរកមើលនារីណាម្នាក់ ដែលគួរឲ្យចាប់ចិត្ត និងទាក់ ទងធ្វើជាប្រពន្ធ ស្រាប់តែនៅល្ងាចថ្ងៃកើតហេតុរូបគេបានជួបជុំគ្នាផឹកស៊ីជាមួយមិត្តភក្តិ ដែលទើបនឹងស្គាល់រាប់អានគ្នាក៏និយាយប្រកែកគ្នាចុះឡើងៗ ពីនេះពីនោះ រហូតដល់ធ្វើឲ្យអ្នកផ្សេងខឹងក៏ព្រួតគ្នាវាយតប់ទៅលើរូបគេបណ្តាលឲ្យរងរបួសសន្លប់នៅនឹងកន្លែង ហើយត្រូវគេដឹកតាមរថយន្ត១បាំងកន្លះយកទៅទម្លាក់ចោលនៅផ្លូវវាងក្រុង ក្នុងក្រុងប៉ៃលិន លុះប្រជាពលរដ្ឋឃើញក៏ប្តឹងនគរបាល ឲ្យប្រញាប់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

ប្រភពបន្តទៀតថា បើ សិនជាបងប្អូនឬឪពុកម្តាយ បានទទួលដំណឹងនេះ សូមឲ្យប្រញាប់ធ្វើដំណើរមកមើលជនរងគ្រោះ ហើយមើលថែរក្សាព្យាបាលដើម្បីឲ្យរូបគេបានជាសះស្បើយឡើងវិញ អាចនឹងធ្វើដំណើរទៅស្រុកកំណើតផងដែរ ។ ចំណែកនគរបាលក្រុងប៉ៃលិន បានឲ្យដឹងដែរថា ក្រោយពីទទួលបានព័ត៌មានករណីវាយជនរងគ្រោះដឹកយកទៅទម្លាក់ចោលបែបនេះមន្រ្តីជំនាញនឹងបន្តតាមដានស្រាវជ្រាវស្វែងរកមុខជនដៃដល់ទាំងអស់នោះ ដើម្បីតាមចាប់ឃាត់ខ្លួន យកមកសួរនាំរួចនឹងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ស សារ៉េត


ចែករំលែក៖