ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២២ ខែមករាថា មានទាហានអាមេរិក១១នាក់រងរបួសនៅក្នុងការវាយប្រហារ ដោយមីស៊ីលជាង២២គ្រាប់ទៅលើទីតាំងអាមេរិក ពីរកន្លែងក្នុងទឹកដីអ៊ីរ៉ាក់ ។ ប៉ុន្តែ ការរងរបួសនោះ មិនធ្ងន់ឡើយ មិនប៉ះពាល់ដល់អាយុជីវិត ឬពិការភាពនោះដែរ ។ នេះជាលើកទីមួយដែល ប្រធានាធិបតីអាមេរិកប្រកាសទទួលស្គាល់ ថាមានទាហានរងរបួស ។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២២ ខែមករា នៅទីក្រុង Davos ប្រទេសស៊ី្វសប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា «ខ្ញុំទទួលបានព័ត៌មានថា មានទាហានអាមេរិករបួស ដោយការវាយប្រហារពីអ៊ីរ៉ង់ កាលពីថ្ងៃទី៨ ខែ មករា ប៉ុន្តែរបួសមិនធ្ងន់នោះឡើយ» ។
កាលពីសប្តាហ៍កន្លងមក មន្ទីបញ្ចកោណអាមេរិក ក៏បានប្រកាសផងដែរថាទាហានអាមេរិក១១នាក់រងរបួស ហើយបានបញ្ជូនទៅកាន់មន្ទីពេទ្យ អាល្លឺម៉ង និងគុយវែត ដើម្បីព្យាបាល ។
កាលពីថ្ងៃទី៨ ខែមករា ក្រោយការវាយប្រហារពីអ៊ីរ៉ង់ភ្លាមប្រធានាធិបតីដូណាល់ ត្រាំបញ្ជាក់ថា អ្វីគ្រប់យ៉ាងគឺល្អប្រសើរ ហើយមិនមានទាហានអាមេរិក ស្លាប់ឬរងរបួសនោះឡើយ ។
ក្នុងពេលជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយ អ៊ីរ៉ង់បានផ្សាយថា ការវាយប្រហារ ទៅលើទីតាំងទាហានអាមេរិក បណ្តាលឲ្យទាហានអាមេរិក៨០នាក់រងរបួស ។ មន្ត្រីយោធាអ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារ កាលពីថ្ងៃទី៨ ខែមករាគឺជាកាសផ្ញើសារទៅកាន់អាមេរិក ។
ការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើទីតាំងយោធាអាមេរិក ក្រោយពេលដែល យន្តហោះគ្មានមនុស្សបើក របស់អាមេរិក វាយប្រហារសម្លាប់ មេទ័ពអ៊ីរ៉ង់ ឧត្តមសេនី Soleimani នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាតដាត ៕