ក្រោយមានករណីស្លាប់ដោយសារជំងឺ រលាក់សួតប្រភេទថ្មីកើនឡើងដល់ជិត២០នាក់ រដ្ឋាភិបាលចិនបានសម្រេច ផ្អាកជើងហោះហើរ និងរថភ្លើងពីទីក្រុង វូហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ។ សកម្មភាពខាងលើប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចូលមកដល់ ។
ករណីជំងឺកូរូណាវីរូស ឬជំងឺរលាកសួតប្រភេទថ្មី ដែលផ្ទុះឡើងនៅក្នុងទឹកដីចិននោះ ហើយរហូតមកដល់ពេលនេះបានសម្លាប់មនុស្សកើន១៧នាក់ ខណៈរដ្ឋាភិបាលប្រកាសផ្អាកជើងហោះហើរ ការដឹកជញ្ជូនតាមរថភ្លើង ក៏ដូចការដឹកជញ្ជូនសាធារណៈដទៃផ្សេងទៀតចេញ ចូលទៅកាន់ទីក្រុងវូហាន ទីដែលជំងឺបានផ្ទុះឡើងដំបូងគេ និងកំពុងតែឆ្លងរាលដាលយ៉ាងឆាប់រហ័ស ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបានផ្សាយថា អាជ្ញាធរចិនបានប្រកាសឲ្យផ្អាកសកម្មភាពហោះហើរ ការដឹកជញ្ជូនតាមរថភ្លើង និងការដឹកជញ្ជូនសាធារណៈ ទាំងរយៈចម្ងាយខ្លី និងរយៈចម្ងាយទាំងអស់ចេញពីទីក្រុងវូហាន ភាគកណ្តាលរបស់ចិនចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ តរហូតទៅ និងទាល់តែមានសេចក្តីជូនដំណឹងបន្ថែមចុងក្រោយ ខណៈដែលក្រុមអាជ្ញាធរសុខាភិបាល ក្រុមគ្រូពេទ្យបាន និងកំពុងរិះរកវិធីធ្វើយ៉ាងណាបង្ការជំងឺនេះកុំឲ្យឆ្លងរាលដាលកាន់តែទ្រង់ទ្រាយធំ ។
ទីក្រុងវូហាន ខេត្ត ហូប៊ី របស់ចិនមានប្រជាជនរស់នៅប្រហែល១១លាននាក់ ។ រហូតមកដល់ពេលនេះជំងឺបានសម្លាប់មនុស្សអស់១៧នាក់ ខណៈដែលជាង៥០០នាក់ទៀតបានឆ្លងរាលដាល ។ មន្ត្រីសុខាភិបាលចិនអះអាងថា ជំងឺនេះអាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈខ្យល់ដង្ហើម ។ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា កំពុងពិចារណាថា តើត្រូវប្រកាសអាសន្នដែរឬយ៉ាងណាទៅលើជំងឺរលាកសួតប្រភេទថ្មីដែលផ្ទុះឡើងនៅចិននេះ ។
គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានបានផ្សាយថា ជំងឺរលាកសួតប្រភេទថ្មីនេះ ត្រូវជំនាញកត់សម្គាល់ថា ប្រៀបប្រដូចទៅនឹងវីរុស SARS អឺចឹងដែរ វាមានលក្ខណៈផ្តាសាយធម្មតា រហូតឈានដល់ផ្តាសាយធ្ងន់ធ្ងរ ពិបាកដកដង្ហើម ហើយទីបំផុតអ្នកជំងឺត្រូវបាត់បង់ជីវិតតែម្តង ។
ជំងឺកូរូណាវីរុស (coronavirus)នេះ បានរាលដាលចេញទៅខាងក្រៅទីក្រុងវូហាន ខេត្ត ហូប៊ី និងឆ្លងទៅតាមខេត្ត និងទីក្រុងមួយចំនួនរបស់ប្រទេសចិន ហើយជាពិសេសបានឆ្លងដល់ប្រទេសខាងក្រៅទៀតដូចជានៅប្រទេសថៃឆ្លង៤ករណី, ប្រទេសជប៉ុន១ករណី, ម៉ាកៅ១ករណី, កូរ៉េខាងត្បូង១ករណី, តៃវ៉ាន់១ករណី និងនៅសហរដ្ឋអាមេរិក១ករណីផងដែរ ៕