ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស ជិត​១០នាក់ដោយការបាញ់ប្រហារនៅអាមេរិក

ចែករំលែក៖

ការបាញ់ប្រហារនៅអាមេរិក កើតឡើងស្ទើរតែរាល់ថ្ងៃ ប៉ុន្តែពលរដ្ឋ​អាមេរិកមួយចំនួនធំនៅតែគាំទ្រការប្រើប្រាស់កាំភ្លើងដដែល ហើយប្រឆាំងនឹងច្បាប់គ្រប់គ្រងអាវុធទៀត ។ ទឹក​ដីប្រជាធិបតេយ្យ​អាមេរិក​ផ្ទុះឡើងនូវការបាញ់ប្រហារសម្លាប់មនុស្ស​សឹងតែរាល់ថ្ងៃ ជាក់ស្តែង​ថ្មីៗចុងក្រោយបំផុតនេះ​បានកើតឡើង​នៅទីក្រុង Seattle សម្លាប់មនុស្ស​ម្នាក់ និង​៧នាក់រងរបួស ។

សារព័ត៌មានអាមេរិក​បានផ្សាយ​នៅថ្ងៃទី​២៣ ខែមករា ឆ្នាំ២០២០ថា ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់ប្រហារ​នៅជិត​ផ្សារ Pike Place ចំណុចផ្លូវ​ប្រសប់ Fourth Avenue និងផ្លូវ Pine Street ក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលកំពុងតែ​មានចរាចរណ៍​មមាញឹក និងអ្នកទេសចរណ៍​ច្រើនកកកុញនោះ ហើយរត់គេចខ្លួន​បាត់ស្រមោល ។ ប៉ូលិស​នៅពេលនេះ​បានកំពុងដុតដៃដុតជើងស្វែងរកជនសង្ស័យខ្មាន់កាំភ្លើង ហើយជំរុញ​ឲ្យ​ប្រជាជនទាំងអស់គេចចេញពី​ទីតាំងកើតហេតុ​ ។

នាយកដ្ឋានប៉ូលិស​ក្នុងតំបន់​បានបញ្ជាក់ថា យ៉ាងតិច​មនុស្ស​៨នាក់​បានរងនូវគ្រាប់កាំភ្លើង​ក្នុងនោះ​ម្នាក់​បានស្លាប់ និង​៧នាក់បានរងរបួស​ធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

មូលហេតុ​នៃអំពើបាញ់ប្រហារលើកនេះ ប៉ូលិស​នៅមិនទាន់បញ្ជាក់ប្រាប់​​បណ្តាញផ្សព្វផ្សាយព័ត៌មានបានឡើយ ខណៈបាន និងកំពុងដំណើរការស៊ើបអង្កេត ។ អត្តសញ្ញាណជនរងគ្រោះ​ក៏មិនត្រូវបានបង្ហាញផងទេ ។

គួរបញ្ជាក់ថា ករណីបាញ់ប្រហារ​នៅ​លើ​ក្នុងទឹកដីអាមេរិក បិតាប្រជាធិបតេយ្យ​នេះ កើតឡើងសឹងរាល់ថ្ងៃ សម្លាប់មនុស្ស និងរងរបួស​ជាបន្តបន្ទាប់ ។ ពលរដ្ឋខ្លះ​បានគាំទ្រ​ឲ្យ​មានច្បាប់គ្រប់គ្រង​អាវុធ​ដើម្បីការពារសុវត្ថិភាពកូនចៅ​របស់ខ្លួន ប៉ុន្តែ​ពលរដ្ឋអាមេរិកមួយចំនួនធំ​នៅតែពេញចិត្តឲ្យមានសិទ្ធិ​កាន់កាប់ និងប្រើប្រាស់អាវុធ​ដូចដើម ៕


ចែករំលែក៖