ព័ត៌មានទាន់ហេតុការណ៍៖

ថៃមានអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី៦នាក់, ហ្វីលីពីនផ្អាកផ្តល់ទិដ្ឋាការដល់ជនជាតិចិន, ជប៉ុនទៅជម្លៀសពលរដ្ឋចេញ

ចែករំលែក៖

វីរុសកូរ៉ូណា កំពុងតែ​បង្កក្តីបារម្ភ កាន់តែខ្លាំង ដោយសារតែសន្ទុះរាលដាលយ៉ាងឆាប់រហ័សលើសពីការ ព្យាករណ៍​​ ។ មួយវិញទៀត​ចិន​គឺជាប្រទេសដែលមានពលរដ្ឋច្រើនបំផុត​នៅលើពិភពលោក ហើយពលរដ្ឋចិនបានរស់នៅគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាន និងលើពិភពលោកទាំងមូល​ ។ ម្ស៉ាងទៀតការឆ្លងរាលដាល់កើតឡើងចំពេលចូលឆ្នាំ​​ ដែលពលរដ្ឋចិននៅគ្រប់ទិសទី​ ត្រូវទៅស្រុក​កំណត់ ឬទៅសែនជីដូនជីតានៅក្នុងប្រទេសចិន​ ។ កតាទាំងនោះហើយបានធ្វើឲ្យការឆ្លងរាលដាល់នីវីរុសកូរ៉ូណាយ៉ាងឆាប់រហ័ស ។

នៅពេលនេះថៃមានករណីឆ្លង​៦នាក់ថ្មី ក្នុងនោះមាន មួយគ្រួសារ​ដែលមានសមាជិក​៥នាក់ រកឃើញថាបានឆ្លងវីរុសនេះ​ ក្រោយពេលគ្រួសារមួយនោះទើបតែវិលត្រឡប់មកពីខេត្ត Hubei ។

ដោយឡែកប្រទេសហ្វីលីពីនវិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមថ្មី (កូរ៉ូណា)​រដ្ឋាភិបាលហ្វីលីពីន​បានសម្រេច​ផ្អាកផ្តល់ទិដ្ឋាការ​​ដល់អ្នកទេសចរណ៍ជនជាតិចិន​មកកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួន​ ។

នៅថ្ងៃទី​២៨ខែមករា​ នាយកដ្ឋាន​អន្តោប្រវេសន៍ហ្វីលីពីន​បានប្រកាសផ្អាក់ផ្តល់ទិដ្ឋាការ ជាបណ្តោះអាសន្ន​ដល់អ្នកទេសចរណ៍ មកពីប្រទេសចិន​ចាប់ពីថ្ងៃនេះ ក្នុងគោលដៅ​ទប់ស្កាត់ការឆ្លងរាលដាល​នៃវីរុសផ្លូវដង្ហើមថ្មី​​ ដែលកំពុងតែផ្ទុះឡើងនៅទីក្រុង វូហាន ។

​លោក Jaime Morente មន្ត្រីទទួលបន្ទុក ការធ្វើដំណើរចេញចូល​ក្នុងប្រទេសហ្វីលីពីន​បានឲ្យដឹងថា​​​ ការសម្រេចបែបនេះគឺដើម្បី ទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាព​នៃការឆ្លងរាលដាលនៃវីរុស កូរ៉ូណា ។

វីរុសផ្លូវដង្ហើមថ្មី បានផ្ទុះឡើង នៅទីក្រុងវូហាន​តាំងពី៨ខែធ្នូឆ្នាំ២០១៩​ ក្នុងទីក្រុងវូហាន ប្រទេសចិន​​ ។ ​មកទល់ពេលនេះ​វីរុសផ្លូវដង្ហើមថ្មី បានសម្លាប់មនុស្ស ១០៦នាក់ និង ជាង​៤ពាន់នាក់បានផ្ទុកវីរុសនេះ ។ ជាមួយគ្នានេះបណ្តាប្រទេសជិតខាង ក្នុងនោះមានថៃ វៀតណាម សឹង្ហបុរី​ ជប៉ុន​ កូរ៉េខាងត្បូង រហូតដល់ អាមេរិក និងអាល្លឺម៉ង… ក៏បានករណីឆ្លងរាលដាលនៃវីរុស​វីរុសផ្លូវដង្ហើមថ្មីនេះដែរ​ ។

ចំណែកប្រទេសជប៉ុន​វិញ នៅយប់ថ្ងៃទី​២៨ខែមករានេះ នឹងបញ្ជូនយន្តហោះទៅកាន់ទីក្រុងវូហានដើម្បីជម្លៀសពលរដ្ឋជប៉ុន ចេញពីទីនោះ​ ខណៈដែលពលរដ្ឋជប៉ុនជាច្រើនត្រូវជាប់គាំងដោយសារតែ​ការបិទចរាចរណ៍នៅទីក្រុងវូហានដើម្បីទប់ស្កាត់ការឆ្លងរាលដាល វីរុសផ្លូវដង្ហើមថ្មី ។

រដ្ឋមន្ត្រីការបរទេសជប៉ុន​ Toshimitsu Motegi បានបញ្ចាក់ថា «យើងនឹងបញ្ជូនយន្តហោះ​ទៅកាន់អាកាសយានដ្ឋាន​ទីក្រុងវូហាននាយប់នេះ​ ។ យើងក៏បាននាំយកនៅសម្ភារៈ ដូចជា​ម៉ាស់​ និងឧបករណ៍ការពារផ្សេងៗ​ទៅជួយដល់ពលរដ្ឋចិន​» ។ លោក Toshimitsu Motegiបន្តទៀតថា នឹងមានពលរដ្ឋជប៉ុន​ប្រមាណ​២០០នាក់​ត្រូវចាកចេញពីទីក្រុងវូហាននៅយប់នេះ ។ សកម្មភាពខាងលើកើតឡើងក្រោយពេល​ពលរដ្ឋជប៉ុន​ប្រមាណ​៦៥០នាក់​ដែលមានសាច់ញាត្តិ បានស្នើដល់រដ្ឋាភិបាលឲ្យជួយជម្លៀស កូនចៅរបស់ខ្លួន​ ចេញពីតំបន់គ្រោះថ្នាក់ ៕


ចែករំលែក៖