ខេត្តក្រចេះ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តម្ភសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ លោកវរសេនីយ៍ត្រី សូត្រ ស៊ីម មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ បានដឹកនាំកម្លាំងចុះផ្ទាល់ត្រួតពិនិត្យ និងបង្ក្រាបបានទូកពីរគ្រឿងដឹកឈើប្រភេទគ្រឿងផ្ទះ និងក្តារពេញប្រៀបដែលកំពុងចរាចរណ៍នៅកណ្តាលទន្លេមេគង្គប្រគល់ឲ្យជំនាញចាត់ការតាមច្បាប់ព្រៃឈើ ។
កាបង្ក្រាបនេះ កម្លាំងបានធ្វើឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិយាវ ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ ។ ក្រោយពីបង្ក្រាបរឹបអូសបានហើយ លុះព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថ ក៏បានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ សង្កាត់វឌ្ឍន: ស្រុកព្រែកប្រសព្វ ខេត្តក្រចេះយកទៅវាស់វែងធ្វើកំណត់ហេតុរក្សាទុកចាត់ការទៅតាមច្បាប់ព្រៃឈើ ។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរបានឲ្យដឹងថា តាមការសន្និដ្ឋាន ឈើចំនួនពីរទូកនេះ ប្រហែលជាង១០ម៉ែត្រគូប តែរង់ចាំការវាស់វែងពីជំនាញរដ្ឋបាលព្រៃឈើទើបដឹងចំនួនពិតប្រាកដ ។
ម្ចាស់ទូក និងឈើមុនពេលកម្លាំងសមត្ថកិច្ចទៅដល់ ពួកគេបានដឹងខ្លួនមុន ក៏លោតចូលទឹកទន្លេគេចខ្លួនបាត់ស្រមោលអស់ទៅហើយសមត្ថកិច្ចក៏កំពុងតាមស្រាវជ្រាវរកនាំខ្លួនឱ្យចូលដោះស្រាយតាមច្បាប់ព្រៃឈើ ៕ ជីវ័ន្ត