ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចំនួន​១០ ដែលបង្កឲ្យមានជនភៀសខ្លួនច្រើនបំផុតនៅលើពិភពលោក​

ចែករំលែក៖

អំពើហិង្សា សង្គ្រាម ស៊ីវីល​បានធ្វើឲ្យពលរដ្ឋ​ជាច្រើន​បានសម្រេចចិត្តបោះបង់ស្រុកកំណើត ផ្ទះសម្បែង ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ក្នុងគោលដៅបន្តការរស់នៅ​នឹងរកស៊ីចិញ្ចឹមជីវិត​។​ ទាំងនោះហើយបានបង្កឲ្យមានវិបត្តិជនភៀសខ្លួន និងមនុស្សធម៌ នៅលើពិភពលោក ។

ជនភៀសខ្លួន នៅលើពិភពលោក ភាគច្រើន មកពី ១០ ប្រទេស ដែលកំពុងផ្ទុះសង្គ្រាមស៊ីវិល​អំពើហិង្សាជាតិសាសន៍​ ។ សង្គ្រាមបានអូសបន្លាយជាច្រើនឆ្នាំកន្លងមក​ហើយ តែរកទីបញ្ចប់មិនឃើញនោះឡើយ មានតែវិវឌ្ឍអាក្រក់ថែមទៀត ។

បច្ចុប្បន្ននៅមានប្រទេស​ចំនួន​១០នៅលើពិភពលោក​​ស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ​ហើយប្រទេសទាំង​១០នោះ មានពលរដ្ឋសរុប មានតែ​៦ភាគរយប៉ុណ្ណោះនៃពលរដ្ឋ ទាំងអស់លើពិភពលោក​។​ប៉ុន្តែចំនួនជនភៀសខ្លួនទាំងអស់​​នៅលើពិភពលោកវិញមានដល់ទៅ​៧៤ ភាគរយ មកពីប្រទេសទាំង១០ខាងលើ​នេះ។

ខាងក្រោមនេះគឺប្រទេសទំាង​១០ ដែលស្ថិតនៅក្នុងសង្គ្រាម៖

១០- សារធារណរដ្ឋ អាហ្វ្រិកកាណ្តាល​៖ បើទោះបីជាប្រទេសមានរដ្ឋាភិបាលស្រប់ច្បាប់​ ប៉ុន្តែ មានក្រុមឧទ្ទាម​​ដល់ទៅ​១៤ ក្រុមផ្សេងគ្នា នៅក្នុងប្រទេសនេះ​។​ សង្គ្រាមស៊ីវិល បានធ្វើឲ្យ​មនុស្ស ដល់ទៅ​៦សែននាក់​បាត់បង់ផ្ទះសម្បែង ​ និងជាង​៦សែននាក់​ត្រូវ បង្ខំចិត្តភៀសខ្លួនទៅកាន់ប្រទេសជិតខាង​។

៩- ស៊ូម៉ាលី​ ៖ មានស្ថានភាពមិនខុសពី ប្រទេសសាធារណរដ្ឋ​អាហ្វ្រិកកណ្តាលនោះដែរ​ ហើយសង្គ្រាមស៊ីវិល កើនឡើងតាំងពីអំឡុងទសវត្សរ៍​ឆ្នាំ៩០ រហូតមកទល់ពេលនេះ​។​ស៊ូម៉ាលីបានក្លាយទៅជាទីតាំង​លាក់ខ្លួនរបស់ក្រុម ភេរវកម្ម​ ដូចជា​​អាលកៃដា និងក្រុមរដ្ឋអ៊ីស្លាម​។

៨- ប្រទេស Burkina Faso ​៖ គឺជាប្រទេសដែលមានក្រុមឧទ្ទាម​ មានទំនាក់ទំនងជាមួយ ក្រុមភេរវកម្ម អាលកៃដា​​ និងក្រុម រដ្ឋអ៊ីស្លាម​(IS)។​​សង្គ្រាមស៊ីវិលអូសបន្លាយ បានធ្វើឲ្យ សាលារៀន​រហូតដល់ទៅ​​២ពាន់កន្លែងត្រូវបិទទ្វារ​។ មិនតែប៉ុណ្ណោះ មន្ទីរសុខាភិបាល ៩១កន្លែងក៏ត្រូវបានបិទទ្វារផងដែរ​។ កុមារ ជិត​៣សែននាក់មិនបានទៅសាលារៀន និងពលរដ្ឋជាង​១,២លាននាក់​ ខ្វះការថែទាំសុខាភីបាល។

កាលពីថ្ងៃទី​២៨ខែមករា មានការវាយប្រហារទៅលើទីតាំងយោធា​នៅភាកខាងកើតប្រទេស Burkina Faso បណ្តាលឲ្យទាហាន​៦នាក់ស្លាប់ និងរងរបួសរាប់សិបនាក់។ ការវាយប្រហារខាងលើកើតឡើង ក្រោយការសម្លាប់រង្គាល​កាលពីសប្តាហ៍កន្លងមក ​នៅក្នុងភូមិ​ Silgadji ​​សម្លាប់មនុស្ស​៥០នាក់​។

តាមតួលេខរបស់អង្គការសហប្រជាជាតិ​​បានបញ្ជាក់ថា​កាលពីឆ្នាំ​២០១៩ ក្រុមឧទ្ទាមនៅប្រទេស​ Burkina Fas ម៉ាលី និងណៃជឺ​បានសម្លាប់មនុស្ស​៤ពាន់នាក់​ និងបង្ខំឲ្យពលរដ្ឋរាប់សែននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព​។

៧- សូដង់ខាងត្បូង៖ សង្គ្រាមនៅក្នុងប្រទេសនេះ​អូសបន្លាយតាំងពីឆ្នាំ​២០១៣មកទល់ពេលនេះ ​បង្ខំឲ្យពលរដ្ឋ​២,២លាននាក់ ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព​ និង​ពលរដ្ឋ ជាង​១,៥លាននាក់បាត់បង់ផ្ទះសម្បែង ។

៦- អាហ្វហ្គានីស្ថាន​​៖ ជាមួយនឹងគម្រោងដកទាហានចេញពីប្រទេសនេះ ​ អាហ្វហ្គានីស្ថាន ​បានប្រែក្លាយទៅជាទីតាំងរបស់ក្រុមភេរវកម្ម​​ និងក្រុម ប្រដាប់អាវុធ ផ្សេងៗជាច្រើននៅក្នុងប្រទេស។

៥-វេណេហ្ស៊ុយអេឡា៖ ​បើទោះបីមិនស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម​ប៉ុន្តែ​ អន្តរជាតិចាត់ទុក ថាជាប្រទេសកំពុងស្ថិតនៅក្នុងតំណាក់កាលនៃការផ្ទុះសង្គ្រាម​ដោយរងចាំតែពេលវេលាប៉ុណ្ណោះ​។​ ប្រទេសនេះមានពលរដ្ឋ​ភៀសខ្លួនដល់ទៅ​៤,៦លាននាក់​ ដោយសារតែវិបត្តិនៅក្នុងប្រទេស ព្រមទាំងកង្វះស្បៀងអាហារ​ បង្ខំឲ្យពលរដ្ឋត្រូវធ្វើចំណាក់ស្រុក​។

៤- នីហ្សេរីយ៉ា​៖ ជាប្រទេសស្ថិតនៅក្នុងតំបន់អាហ្វ្រិក​ ហើយមានអំពើហិង្សាអូសបន្លាយជាច្រើនឆ្នាំកន្លងមក​ រវាងកម្លាំងទាហានរដ្ឋាភិបាល​ និងក្រុមឧត្ទាម ប៊ូកូហារ៉ាម ។សង្គ្រាមនោះបានបង្ខំពលរដ្ឋ​ជាង​កន្លះលាននាក់​បោះបង់ចោលផ្ទះសម្បែងទៅកាន់តំបន់មាន​សុវត្ថិភាព​។

៣- ប្រទេសស៊ីរី៖ សង្គ្រាមបានផ្ទុះឡើងតាំងពីឆ្នាំ​២០១៣ ហើយអាចបន្តអូសបន្លាយជាច្រើនឆ្នាំទៀត ។ពលរដ្ឋស៊ីរី ដល់ទៅ​៥,៧លាននាក់​ ភៀសខ្លួនចេញពីលំនៅឋាន ទៅកាន់ប្រទេសជិតខាង​បញ្ជៀសសង្គ្រាម​​។

២-សាធារណរដ្ឋកុងហ្គោ៖ មានក្រុមឧទ្ទាមនៅក្នុងប្រទេសនេះមានជាង​១០០​ក្រុម ផ្សេងគ្នា​ ហើយសង្គ្រាមអូសបន្លាយ បង្ខំឲ្យពលរដ្ឋ ជាង​៥លាននាក់បាត់បង់ផ្ទះសម្បែង។

១- យេម៉ែន៖ ជាប្រទេសកំពុងផ្ទុះសង្គ្រាមគ្នាថ្ងៃបញ្ចាប់រយៈពេល​៥ឆ្នាំជាប់គ្នា​។ ពលរដ្ឋយេម៉េន​២៤លាននាក់ ស្មើ​៨០ភាគរយនៃពលរដ្ឋសរុប រស់នៅក្រោមបន្ទាត់ក្រីក្រ​ ពឹងផ្អែកលើជំនួយមនុស្សធម៌ពីបរទេស​៕


ចែករំលែក៖