អំពើហិង្សា សង្គ្រាម ស៊ីវីលបានធ្វើឲ្យពលរដ្ឋជាច្រើនបានសម្រេចចិត្តបោះបង់ស្រុកកំណើត ផ្ទះសម្បែង ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ក្នុងគោលដៅបន្តការរស់នៅនឹងរកស៊ីចិញ្ចឹមជីវិត។ ទាំងនោះហើយបានបង្កឲ្យមានវិបត្តិជនភៀសខ្លួន និងមនុស្សធម៌ នៅលើពិភពលោក ។
ជនភៀសខ្លួន នៅលើពិភពលោក ភាគច្រើន មកពី ១០ ប្រទេស ដែលកំពុងផ្ទុះសង្គ្រាមស៊ីវិលអំពើហិង្សាជាតិសាសន៍ ។ សង្គ្រាមបានអូសបន្លាយជាច្រើនឆ្នាំកន្លងមកហើយ តែរកទីបញ្ចប់មិនឃើញនោះឡើយ មានតែវិវឌ្ឍអាក្រក់ថែមទៀត ។
បច្ចុប្បន្ននៅមានប្រទេសចំនួន១០នៅលើពិភពលោកស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ហើយប្រទេសទាំង១០នោះ មានពលរដ្ឋសរុប មានតែ៦ភាគរយប៉ុណ្ណោះនៃពលរដ្ឋ ទាំងអស់លើពិភពលោក។ប៉ុន្តែចំនួនជនភៀសខ្លួនទាំងអស់នៅលើពិភពលោកវិញមានដល់ទៅ៧៤ ភាគរយ មកពីប្រទេសទាំង១០ខាងលើនេះ។
ខាងក្រោមនេះគឺប្រទេសទំាង១០ ដែលស្ថិតនៅក្នុងសង្គ្រាម៖
១០- សារធារណរដ្ឋ អាហ្វ្រិកកាណ្តាល៖ បើទោះបីជាប្រទេសមានរដ្ឋាភិបាលស្រប់ច្បាប់ ប៉ុន្តែ មានក្រុមឧទ្ទាមដល់ទៅ១៤ ក្រុមផ្សេងគ្នា នៅក្នុងប្រទេសនេះ។ សង្គ្រាមស៊ីវិល បានធ្វើឲ្យមនុស្ស ដល់ទៅ៦សែននាក់បាត់បង់ផ្ទះសម្បែង និងជាង៦សែននាក់ត្រូវ បង្ខំចិត្តភៀសខ្លួនទៅកាន់ប្រទេសជិតខាង។
៩- ស៊ូម៉ាលី ៖ មានស្ថានភាពមិនខុសពី ប្រទេសសាធារណរដ្ឋអាហ្វ្រិកកណ្តាលនោះដែរ ហើយសង្គ្រាមស៊ីវិល កើនឡើងតាំងពីអំឡុងទសវត្សរ៍ឆ្នាំ៩០ រហូតមកទល់ពេលនេះ។ស៊ូម៉ាលីបានក្លាយទៅជាទីតាំងលាក់ខ្លួនរបស់ក្រុម ភេរវកម្ម ដូចជាអាលកៃដា និងក្រុមរដ្ឋអ៊ីស្លាម។
៨- ប្រទេស Burkina Faso ៖ គឺជាប្រទេសដែលមានក្រុមឧទ្ទាម មានទំនាក់ទំនងជាមួយ ក្រុមភេរវកម្ម អាលកៃដា និងក្រុម រដ្ឋអ៊ីស្លាម(IS)។សង្គ្រាមស៊ីវិលអូសបន្លាយ បានធ្វើឲ្យ សាលារៀនរហូតដល់ទៅ២ពាន់កន្លែងត្រូវបិទទ្វារ។ មិនតែប៉ុណ្ណោះ មន្ទីរសុខាភិបាល ៩១កន្លែងក៏ត្រូវបានបិទទ្វារផងដែរ។ កុមារ ជិត៣សែននាក់មិនបានទៅសាលារៀន និងពលរដ្ឋជាង១,២លាននាក់ ខ្វះការថែទាំសុខាភីបាល។
កាលពីថ្ងៃទី២៨ខែមករា មានការវាយប្រហារទៅលើទីតាំងយោធានៅភាកខាងកើតប្រទេស Burkina Faso បណ្តាលឲ្យទាហាន៦នាក់ស្លាប់ និងរងរបួសរាប់សិបនាក់។ ការវាយប្រហារខាងលើកើតឡើង ក្រោយការសម្លាប់រង្គាលកាលពីសប្តាហ៍កន្លងមក នៅក្នុងភូមិ Silgadji សម្លាប់មនុស្ស៥០នាក់។
តាមតួលេខរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថាកាលពីឆ្នាំ២០១៩ ក្រុមឧទ្ទាមនៅប្រទេស Burkina Fas ម៉ាលី និងណៃជឺបានសម្លាប់មនុស្ស៤ពាន់នាក់ និងបង្ខំឲ្យពលរដ្ឋរាប់សែននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
៧- សូដង់ខាងត្បូង៖ សង្គ្រាមនៅក្នុងប្រទេសនេះអូសបន្លាយតាំងពីឆ្នាំ២០១៣មកទល់ពេលនេះ បង្ខំឲ្យពលរដ្ឋ២,២លាននាក់ ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព និងពលរដ្ឋ ជាង១,៥លាននាក់បាត់បង់ផ្ទះសម្បែង ។
៦- អាហ្វហ្គានីស្ថាន៖ ជាមួយនឹងគម្រោងដកទាហានចេញពីប្រទេសនេះ អាហ្វហ្គានីស្ថាន បានប្រែក្លាយទៅជាទីតាំងរបស់ក្រុមភេរវកម្ម និងក្រុម ប្រដាប់អាវុធ ផ្សេងៗជាច្រើននៅក្នុងប្រទេស។
៥-វេណេហ្ស៊ុយអេឡា៖ បើទោះបីមិនស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមប៉ុន្តែ អន្តរជាតិចាត់ទុក ថាជាប្រទេសកំពុងស្ថិតនៅក្នុងតំណាក់កាលនៃការផ្ទុះសង្គ្រាមដោយរងចាំតែពេលវេលាប៉ុណ្ណោះ។ ប្រទេសនេះមានពលរដ្ឋភៀសខ្លួនដល់ទៅ៤,៦លាននាក់ ដោយសារតែវិបត្តិនៅក្នុងប្រទេស ព្រមទាំងកង្វះស្បៀងអាហារ បង្ខំឲ្យពលរដ្ឋត្រូវធ្វើចំណាក់ស្រុក។
៤- នីហ្សេរីយ៉ា៖ ជាប្រទេសស្ថិតនៅក្នុងតំបន់អាហ្វ្រិក ហើយមានអំពើហិង្សាអូសបន្លាយជាច្រើនឆ្នាំកន្លងមក រវាងកម្លាំងទាហានរដ្ឋាភិបាល និងក្រុមឧត្ទាម ប៊ូកូហារ៉ាម ។សង្គ្រាមនោះបានបង្ខំពលរដ្ឋជាងកន្លះលាននាក់បោះបង់ចោលផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាព។
៣- ប្រទេសស៊ីរី៖ សង្គ្រាមបានផ្ទុះឡើងតាំងពីឆ្នាំ២០១៣ ហើយអាចបន្តអូសបន្លាយជាច្រើនឆ្នាំទៀត ។ពលរដ្ឋស៊ីរី ដល់ទៅ៥,៧លាននាក់ ភៀសខ្លួនចេញពីលំនៅឋាន ទៅកាន់ប្រទេសជិតខាងបញ្ជៀសសង្គ្រាម។
២-សាធារណរដ្ឋកុងហ្គោ៖ មានក្រុមឧទ្ទាមនៅក្នុងប្រទេសនេះមានជាង១០០ក្រុម ផ្សេងគ្នា ហើយសង្គ្រាមអូសបន្លាយ បង្ខំឲ្យពលរដ្ឋ ជាង៥លាននាក់បាត់បង់ផ្ទះសម្បែង។
១- យេម៉ែន៖ ជាប្រទេសកំពុងផ្ទុះសង្គ្រាមគ្នាថ្ងៃបញ្ចាប់រយៈពេល៥ឆ្នាំជាប់គ្នា។ ពលរដ្ឋយេម៉េន២៤លាននាក់ ស្មើ៨០ភាគរយនៃពលរដ្ឋសរុប រស់នៅក្រោមបន្ទាត់ក្រីក្រ ពឹងផ្អែកលើជំនួយមនុស្សធម៌ពីបរទេស៕