ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយជួរមាត់ទន្លេ បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង និងឃាត់ខ្លួនមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ខណ្ឌឫស្សីកែវ បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះរដ្ឋបាលនៅតំបន់មិនរៀបរយជួរមាត់ទន្លេ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ជាក់ស្តែងបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែង ដកហូតបានទូរហ្គេមពង់បៀរ និងទូរហ្គេមបាញ់ត្រីសរុបចំនួន ៦គ្រឿង ព្រមទាំងឃាត់មនុស្ស២នាក់ផងដែរ ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ ឫស្សីកែវ និង ប្រធាន-អនុប្រធានការិយាល័យជុំនាញជុំវិញខណ្ឌ លោកអធិការរង នាយប៉ុស្ដិ៍ កម្លាំងអាវុធហត្ថ អាជ្ញាធរសង្កាត់-ភូមិ និងប្រជាការពារជាច្រើននាក់ផងដែរក្នុង ប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់ បង្ការនិងបង្ក្រាបគ្រឿងញៀន គឺត្រូវបានអនុវត្តឡើងជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៍ដូចជាការអនុវត្តឲ្យមានប្រសិទ្ធភាព លើគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ជាក់ស្តែងកម្លាំងជំនាញបានបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ប្រភេទហ្គេមពង់បៀរ និងហ្គេមបាញ់ត្រី ដកហូតបានចំនួន៦គ្រឿង ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត បន្តថា ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនមួយចំនួន បន្ទាប់ពីទទួលបានផែនការយ៉ាងចាំបាច់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមប្រឹក្សា រាជធានីភ្នំពេញ លើការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ៕ ស រស្មី


ចែករំលែក៖