ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនហើយ យុវសិស្សម្នាក់ នៅសាកលវិទ្យាល័យ «លីម កុកវីង» ក្រោយប្រើអំពើហិង្សា លើសិស្សប្រុសម្នាក់ ព្រោះខឹងរឿងញ៉ែសង្សាររបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវសិស្សម្នាក់ ដែលរៀននៅសាកលវិទ្យាល័យ «លីម កុកវីង» ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ បន្ទាប់យុវសិស្សរូបនោះបានប្រើអំពើហិង្សាលើសិស្សប្រុសម្នាក់ ដែលរៀនសាលាជាមួយគ្នា រួចថតរូបកាំភ្លើងផ្ញើរសារចូលទូរស័ព្ទដៃតាមប្រព័ន្ធតេឡេក្រោមគំរាមបន្ថែមទៀត ព្រោះខឹងរឿងញ៉ែសង្សាររបស់ខ្លួន ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ការឃាត់ខ្លួនជនដៃដល់ខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ ៤៣៨Eo ផ្លូវលេខ៣៤៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យុវជនបង្កឈ្មោះ ហេង គឹម ហួត អាយុ២១ឆ្នាំ ជាសិស្សសាលានៅសាកលវិទ្យាល័យ «លីម កុកវីង» ស្នាក់នៅទីតាំងខាងលើ ។ ចំណែកជនរងគ្រោះឈ្មោះ ហម សុវណ្ណារ៉ា អាយុ១៨ឆ្នាំ ជាសិស្សនៅសាកលវិទ្យាល័យ «លីម កុកវីង» មានទីលំនៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តថា ការឃាត់ខ្លួននេះធ្វើឡើងដោយមានការឯកភាពពីលោក ឡុង ជៀប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីយុវជនរូបនេះ បានចូលខ្លួនសារភាពកំហុសនៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក ជនរងគ្រោះកំពុងអង្គុយរៀននៅសាកលវិទ្យាល័យ លីម កុកវីង សង្កាត់មនោរម្យ ខណ្ឌ៧មករា ស្រាប់តែឈ្មោះហេង គឹម ហួត និង បក្ខពួកម្នាក់ បានឡើងដល់ជាន់ទី៧ ដោយនិយាយជាមួយខ្លួនថា “ហែងឈ្លើយណាស់ហ៊ានញ៉ែសង្សារអញ ” រួចក៏ចាប់ច្របាច់ក ហើយរុញជនរងគ្រោះអឹប និងទ្វារ រួចបានវៃចំនួន៣ដៃ ចំភ្នែកខាងឆ្វេង និង ចំផ្ទៃមុខបែកវ៉ែនតា រួចក៏ចុះទៅក្រោមវិញបាត់ទៅ ។ លុះដល់វេលាម៉ោង១២ និង១០នាទី ថ្ងៃដដែល ជនទំនើងឈ្មោះហេង គឹម ហួត បានផ្ញើរូបភាពកាំភ្លើងមកប្រព័ន្ធបណ្ដាញសង្គម”តេឡេក្រោម” មកគំរាមជនរងគ្រោះបន្ថែមទៀត ដែលធ្វើឲ្យមានការបារម្ភ និងភ័យខ្លាចពីសុវត្ថិភាពជាខ្លាំងក៏ដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះហេង គឹម ហួត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖