ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីជាសិស្សសាលារៀនភាសាកូរ៉េម្នាក់ ខណៈកំពុងអង្គុយរៀនសុខៗ ស្រាប់តែមានអការមិនស្រួល ក៏ដួលសន្លប់បាត់មាត់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្នុងសាលារៀនសាលាកូរ៉េតាមមហាវិថីឈ្នះឈ្នះ ស្ថិតភូមិស្រែតេជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ បុណ្យ មួយលី ភេទស្រី អាយុ២១ឆ្នាំ សិស្សរៀននៅសាលាកូរ៉េស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានស្រុកកំណើត ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានជំងឺបេះដូងហើយនាពេលកន្លងមកជនរងគ្រោះតែងតែដួលសន្លប់ជាច្រើនលើកមកហើយ កាលណាមានអារម្មណ៍សប្បាយរំភើបខ្លាំងគិតច្រើន ឬភ័យខ្លាំងតែមិនមានបញ្ហាអ្វីខ្លាំងទេ ដោយគ្រាន់តែគក់ច្របាច់ ក៏ដឹងខ្លួនវិញហើយ ប៉ុន្តែលើកនេះចម្លែកពីរាល់ដងទោះគក់ច្របាច់យ៉ាងណា ក៏មិនព្រមដឹងខ្លួន ទើបអ្នកគ្រូលោកគ្រូ និងមិត្តភក្តិមានការភ័យខ្លាចទើបហៅរថយន្តសង្គ្រោះកងពលតូច៧១១ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ៕ សុខា សែនជ័យ