ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់កាន់រូបថតប្រពន្ធកូនធ្វើដំណើរមកឲ្យនគរបាលចោមចៅទី៣អន្តរាគមន៍ ខណៈបាត់មិនដឹងទៅណា

ចែករំលែក៖

ភ្នំពេញ​៖​ បុរសកម្សត់ម្នាក់ដោយសារជីវភាពខ្វះខាតនាំប្រពន្ធកូនចាកចេញពីស្រុកកំណើតដើរលក់គ្រឿងម្ជូរ និងចង្រិតគ្រប់ខេត្ត ក្រុងតែមិនសមប្រកប គាត់ក៏ឆ្លៀតទៅធ្វើសំណង់បន្ថែមមុខរបរបន្ថែមទៀត គ្រាន់បានប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ តែបែរជាពេលមករកប្រពន្ធកូនបាត់មិនដឹងទៅណា រកគ្រប់ទីកន្លែងនៅតែមិនឃើញ ទើបសម្រេចចិត្តកាន់រូបថតមួយសន្លឹកធ្វើដំណើរមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣​ ដើម្បីសុំការអន្តរាគន៍កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២០ ។

បុរសខាងលើឈ្មោះ សៀង​ ខាំភុយ​ ភេទប្រុស អាយុ៤២ឆ្នាំ​ មុខរបរដើរលក់គ្រឿងម្ជូរ និងចង្រិត​ តាមបណ្តាខេត្តនាៗ​ ស្នាក់នៅមិនពិតប្រកដមានស្រុកកំណើតនៅ ភូមិស្រីលើ​ ឃុំគួយម៉ែង​ ស្រុកមង្គល់បុរី​ ខេត្តបន្ទាយមាយជ័យ ។ ចំណែកប្រពន្ធឈ្មោះ សេង សុភ័ក្ត្រ​ អាយុ​៣៥​ ឆ្នាំ​ ពួកគាត់មានកូនស្រីម្នាក់ ឈ្មោះ សៀង សុវិន​ អាយុ៨ឆ្នាំ​ បានបាត់ទៅជាមួយម្តាយ ។

តាមការរៀរាប់ពីបុរសខាងលើបានឲ្យដឹងថា ក្រោយពីពួកគាត់បានចាប់ដៃគ្នាជាប្តីប្រពន្ធមកប្រកបមុខរបរជាអ្នកលក់ដូរដើរលក់គ្រប់ទីកន្លែង ។ នៅអំឡុង ខែកញ្ញា ឆ្នាំ២០១៩​ គាត់ និងប្រពន្ធកូនបានធ្វើដំណើរទៅលក់នៅខេត្តកណ្តាល ដោយលក់មិនសូវដាច់រកលុយមិនបាន ក៏មានស្ត្រីម្នាក់ដែលជាអ្នកលក់ដូរដូចគ្នាប្រាប់ថា ទៅលក់នៅផ្សារបាត់ដឹង ដាច់ជាងទើបពេលនោះរូបគាត់ក៏នាំប្រពន្ធកូនទៅលក់នៅផ្សារនោះ ។

បុរសខាងលើបានរៀបរាប់ទៀតថា​ ក្រោយពីទៅដល់កន្លែងលក់ហើយ រូបគាត់ក៏ទៅរកការងារសំណង់បន្ថែមទៀត ដើម្បីរកលុយផ្គត់ផ្គង់គ្រួសារដោយទុកប្រពន្ធលក់ជាមួយកូនស្រី ។ រហូតដល់អំឡុង ខែតុលា ឆ្នាំ២០១៩​ ពេលដែលគាត់មកលេងប្រពន្ធកូន ស្រាប់តែបាត់មិនដឹងទៅណា សួរអ្នកជិតខាង ក៏មិនដឹងខំរកគ្រប់ទិសទីនៅតែមិនជួប ទើបថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២០នេះ គាត់ក៏កាន់រូបថតមួយសន្លឹកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣​ ដើម្បីសុំការអន្តរាគមន៍ ។

តាមការរៀបរាប់របស់បុរសខាងលើបានបន្តទៀតថា គាត់មិនបានខឹង ឬ ស្តីបន្ទោសអ្វីឡើយទៅលើប្រពន្ធរបស់គាត់ គាត់សុំត្រឹមឲ្យប្រពន្ធ និងកូនស្រីរបស់គាត់វិលត្រឡប់មកវិញ ដើម្បីជួបជុំគ្រួសាររស់នៅជាមួយគ្នាតទៅមុខទៀត ៕ សុខាសែនជ័យ​


ចែករំលែក៖