ខេត្តរតនគិរី ៖ សាច់ជ្រូកព្រៃទម្ងន់ ២៨គីឡូក្រាម ដែលព្រានព្រៃលួចប្រមាញ់ខុសច្បាប់ ហើយកាត់ជាកង់ៗបម្រុងយកទៅលក់ឲ្យឈ្មួញនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកវើនសៃបានសហការជាមួយកម្លាំងឧទ្យានជាតិវិរ:ជ័យស្រុកវើនសៃ បង្ក្រាបចាប់ដកហូតយកទៅកប់ចោល ។
ការបង្រ្កាបសាច់ជ្រូកព្រៃនេះបាបធ្វើឡើងកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅព្រៃមួយកន្លែងដែលក្រុមព្រានព្រៃចូលទៅបរបាញ់ ត្រង់ចំណុចភូមិកំព់ងចាម ឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី ។
យោងតាមរបាយការណ៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តរទនគិរីបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនោះមានកម្លាំង កងរាជអាវុធស្រុកចំនួន២នាក់ និងកម្លាំងទីស្នាក់ការឧទ្យានជាតិវិរ:ជ័យចំនួន៤នាក់ ដឹកនាំដោយលោក នុត តូម៉ា ប្រធានទីស្នាក់ការឧទ្យានជាតិវិរ:ជ័យស្រុកវ៉ើនសៃ បានចុះបង្ក្រាបនៅព្រៃចំណុចខាងលើហើយបានដកហូតសត្វជ្រូកព្រៃបានចំនួន២៨គីឡូក្រាមដែលព្រានព្រៃកាប់ជាកង់ៗបម្រុងយកទៅលក់ឲ្យឈ្មួញ ប៉ុន្តែជនល្មើសជាព្រានព្រៃបានរត់គេចខ្លួនបាត់ បន្សល់ទុកតែវត្ថុតាងជ្រូកព្រៃប៉ុណ្ណោះ ។
ដោយឡែកវត្ថុតាងសាច់ជ្រូកព្រៃចំនួន២៨គីឡូក្រាមនេះត្រូវបានមន្ត្រីស្នាក់ការបរិស្ថានឧទ្យានជាតិវិរ:ជ័យស្រុកវ៉ើនសៃ ដឹកយកមកដុត និងកប់បំផ្លាញចោលនៅទីស្នាក់បរិស្ថានឧទ្យានជាតិវិរ:ជ័យស្រុកវើនសៃភ្លាមៗផងដែរ ៕ ប្រាថ្នា