ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងទាស់ពាក្យសម្ដីគ្នាធ្វើឲ្យបុរសម្នាក់យកកែវវាយទៅលើបុរសម្នាក់ទៀតរងរបួសបែកក្បាល

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់យកកែវស្រាវាយទៅលើបុរសម្នាក់ទៀតរងរបួសបែកក្បាល ខណៈដែលបុរសសង្ស័យ និងបុរសរងគ្រោះផឹកស្រាស្រវឹងទាស់ពាក្យសម្ដីគ្នា ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆែម សីហា ហៅចក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯជនរងគ្រោះឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្កណ្ដាល ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើវេលាម៉ោង៣រសៀល ជនសង្ស័យបានផឹកស៊ីជាមួយមិត្តភក្តិ២ទៅ៣នាក់ រហូតដល់ម៉ោង ៧យប់ ជនរងគ្រោះឈ្មោះ ចាន់ រតនា បានមកចូលរួមផឹកជាមួយដែរ ។ ពេលកំពុងផឹកជនសង្ស័យ ឈ្មោះឆែម សីហា ហៅចក់មានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះឈ្មោះចាន់ រតនា ពីបញ្ហាចោទប្រកាន់គ្នារឿងលួចមាន់ ពេលនោះជនសង្ស័យឈ្មោះ ឆែម សីហា ហៅចក់ ក៏បានយកកែវស្រា វាយក្បាលជនរងគ្រោះឈ្មោះចាន់ រតនា បណ្ដាលឱ្យបែកក្បាលឈ្មោះ ចាន់ រតនា តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះឆែម សីហា ហៅចក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងគ្រំនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖