ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី ៣,១៣៩នាក់ ចូលរួមប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី១៣

ចែករំលែក៖

ភ្នំពេញៈ រសៀល​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០២០ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បានរៀបចំ​កម្មវិធីប្រកួតប្រជែងនិយាយភាសា អង់គ្លេសលើកទី១៣ (The 13th English Speaking Contest Program) វគ្គផ្តាច់ព្រ័ត្រ នៅ​សាលា​ ប៊ែល​ធី ​អន្តរ​ជាតិទី៩​(ស្ទឹងមានជ័យ) ក្រោម​អ​ធិប​តី​ភាព​ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។

លោក ចាន់ ទីតា ប្រធាននាយកដ្ឋានភាសាអង់គ្លេសទូទៅនៃប៊ែលធី គ្រុប បានឱ្យដឹងថា៖​ គោលបំណងនៃការប្រកួតប្រជែងនិយាយភាសាអង់គ្លេសគឺ ធ្វើឱ្យសិស្សានុសិស្សស្ទាត់ជំនាញក្នុងការនិយាយ ចេះស្រាវជ្រាវ មានភាពក្លាហាន ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ព្រមទាំងអាចចូលរួមប្រកួតប្រជែងនិយាយជាលក្ខណៈជាតិ និងអន្តរជាតិ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើងដោយសិក្សារយៈពេល ៩ឆ្នាំគឺ ចាប់ពីកម្រិតដំបូង Pre-school 1 ដល់ Pre-school 6 និងពី Level 1 ដល់ Level 12។ ពេលបញ្ចប់ការសិក្សាសិស្សមានសមត្ថភាពអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរលើជំនាញ និយាយ ស្តាប់ អាន និងសរសេរ។ ហើយនៅពេលបញ្ចប់ Level 12 សិស្សត្រូវប្រឡង តេស្តអន្តរជាតិ (អាយអែល = IELTS) ដែលសាលា ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមប្រឹក្សាភាសាអង់គ្លេស (The British Council) ដែលមានទីតាំងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ធ្វើយ៉ាងណាសម្រេចឱ្យបានតាមផែនការយុទ្ធសាស្ត្ររបស់ប៊ែលធីគឺ សិស្សត្រូវទទួលបានពិន្ទុ (អាយអែល = IELTS) ៥.០ឡើងទៅ និងឱ្យបានចាប់ពី ៨៥% ទៅ ៩០% ក្នុងចំណោមបេក្ខជនប្រឡងទាំងអស់។

ក្នុងឱកាសនោះដែរ លោក លី ប៊ុនឆៃ បានថ្លែងកោតសរសើរចំពោះជយលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងមានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាពប្រកួតប្រជែង និងនិយាយបានយ៉ាងស្ទាត់ជំនាញក្នុងការប្រឡងនាថ្ងៃនេះ។ លោកក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលតែងតែគាំទ្រលើការអប់រំរបស់សាលា ប៊ែលធី អន្តរជាតិ រហូតមកទាំងផ្នែកចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ដែលធ្វើឱ្យសាលាមានលទ្ធភាពពង្រីកទីតាំង និងពង្រឹងគុណភាពអប់រំឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ប៊ែលធីគឺ គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌។ លោកក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ មិនត្រូវយកពេលទំនេរទៅដើរលេង សេពគបមិត្តភក្តិមិនល្អ ត្រូវជៀសវាងឱ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសង ដែលសង្គមស្អប់ខ្ពើម។   គឺត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី និងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

ជាទីបញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធិ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជយលាភី Level-3, Level-6, Level-9 និង​ Level-12 ចំនួន​ ១២នាក់ ផងដែរ ៕ អរុណរះ

 


ចែករំលែក៖