អង់គ្លេសចាកចេញពីអឺរ៉ុបជាផ្លូវការហើយ នៅវេលាម៉ោង0:00នាទី ថ្ងៃទី៣១ ឈានចូលថ្ងៃទី១ ខែកុម្ភៈ ២០២០។ នៅថ្ងៃទី១ ខែកុម្ភៈនេះ អង់គ្លេសមិនមែនជាសមាជិកសហគមន៍អឺរ៉ុបទៀតឡើយ ក្រោយរយៈពេល៤៧ឆ្នាំ រួមសុខ ទុក្ខនឹងគ្នា ទីបំផុតក៏ត្រូវបង្ខំចិត្ត ចែកផ្លូវគ្នាទាំងក្តីអាល័យ ។
នាយករដ្ឋមន្ត្រីអង់គ្លេស បានរៀបចំពិធី អបអរសាទរ នៅទីក្រុង Sunderland ដែលជាទីកន្លែង ចុងក្រោយបង្អស់ ប្រកាសលទ្ធផលបោះឆ្នោត គាំទ្រBrexit កាលពីឆ្នាំ២០១៦។
ជាមួយគ្នានោះ កាក់ ៥០ សេន ដែលមាននិមិត្តសញ្ញាតំណាងឲ្យការចាកចេញពីអឺរ៉ុប ក៏បានចរាចរនៅលើទីផ្សារផងដែរ ។ ជាមួយគ្នានេះ ទង់ជាតិ អង់គ្លេសនៅអឺរ៉ុបក៏បានដាក់ចុះជាផ្លូវការ ក្រោយ៤៧ ឆ្នាំបក់រវិកនៅទីនោះ ។
នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានថ្លែងថា«មនុស្សគ្រប់រូប ពិតជានឹងស្មានមិនដល់ថាយើងមានពេលវេលានេះ។ ប៉ុន្តែក៏មានមនុស្សជាច្រើន យល់ឃើញថា មានអារម្មណ៍បាត់បង់។ ក្នុងនាមខ្ញុំជាអ្នកដឹកនាំ ខ្ញុំនឹងនាំមកនៅសមគ្គីភាព ដើម្បីឆ្ពោះទៅមុខ »។
ក្រៅពីពិធីអបអរ ពលរដ្ឋ ជាច្រើនដែលមិនគាំទ្រប្រេស៊ីដ ក៏បាននំាគ្នាដង្ហែក្បួន ជាទ្រង់ទ្រាយធំនៅអៀកឡង់ខាងជើង ប្រឆាំងការចាកចេញពីអឺរ៉ុប។
ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈនេះទៅ អង់គ្លេស នឹងចាប់ផ្តើម ផ្លាស់ប្តូរថ្មីទាំងនយោបាយ និងសេដ្ឋកិច្ច ។ ពេលនេះអង់គ្លេស មានរយៈពេល១១ខែដើម្បីពិភាក្សា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយសហគមន៍អឺរ៉ុប ។
ថ្ងៃទី១ កុម្ភៈទៅ គឺជាទំព័រថ្មី នៃទំនាក់ទំនងរវាងអង់គ្លេស និងសហភាពអឺរ៉ុប ដែលទំនាក់ទំនងនេះ នៅមិនទាន់មានរូបរាងនៅឡើយទេ។ ហេតុដូច្នេះហើយ បានជាសហភាពអឺរ៉ុប និងអង់គ្លេស បានព្រមព្រាងគ្នា ស្ថិតក្នុងរយៈពេលអន្តរកាល ១១ខែ ពោលគឺពីថ្ងៃទី១កុម្ភៈ ដល់ថ្ងៃទី៣១ធ្នូ ចុងឆ្នាំ២០២០ ។
ពេលនេះ អង់គ្លេសនឹងលែងមានសិទ្ធិ លែងមានចំណែកអ្វីទៀតហើយ នៅក្នុងស្ថាប័ន ឬក្របខ័ណ្ឌប្រជុំទាំងអស់របស់សហភាពអឺរ៉ុប ។ កិច្ចប្រជុំកំពូល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការសម្រេចនានារបស់ក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប គឺលែងមានវត្តមានអង់គ្លេសទៀតហើយ។ នៅសភាអឺរ៉ុបវិញ ក៏លែងមានសមាជិកសភាតំណាងឲ្យប្រជាជនអង់គ្លេសទៀតដែរ ។ អង់គ្លេស នឹងក្លាយជាអ្នកដទៃសុទ្ធសាធ។
តែអ្វីដែលមិនប្រែប្រួស សម្រាប់រយៈពេល១១ខែនេះ គឺអង់គ្លេស ត្រូវបន្តអនុវត្តបទវិធាន ឬច្បាប់ទាំងអស់ ដែលមានធរមានកន្លងមក របស់សហភាពអឺរ៉ុប រហូតដល់ដាច់ឆ្នាំ២០២០។ មានន័យថា ក្នុងវិស័យពាណិជ្ជកម្ម ការនាំចេញនាំចូល អត្រាពន្ធដា វិធានច្បាប់ទាក់ទិននឹងចរាចរណ៍មនុស្ស ឬទំនិញ បទដ្ឋានស្តង់ដារទំនិញ ចំណីអាហារ ឬថ្នាំពេទ្យ ពោលគឺទំនាក់ទំនងគ្រប់វិស័យទាំងអស់ មិនថាសុខាភិបាល សន្តិសុខ យុត្តិធម៌ ការអប់រំ ។ល។ គឺថាអង់គ្លេស ត្រូវបន្តគោរពច្បាប់វិធានរួមរបស់សហភាពអឺរ៉ុប ទាំងអស់សិន រហូតទាល់តែដល់ថ្ងៃទី៣១ធ្នូ ទើបផុតសម័យអន្តរកាល។
ក្នុងកំឡុងពេល១១ខែ នៃសម័យអន្តរកាលនេះ សហភាពអឺរ៉ុប និងអង់គ្លេសត្រូវចរចាគ្នា គូសវាសទំនាក់ទំនងទាំងអស់នេះទៅថ្ងៃខាងមុខ ថាតើត្រូវធ្វើដូចម្តេចទៀត ត្រូវរាប់អានគ្នាដោយរបៀបណា ពោលគឺដូចជាមនុស្ស២នាក់ ដែលទើបតែស្គាល់គ្នាថ្មី ហើយត្រូវចាប់ផ្តើមកសាងទំនាក់ទំនងនឹងគ្នា ពីសូន្យទៅ។
ការចរចាគ្នារវាងអឺរ៉ុបនិងអង់គ្លេស មិនមែនជារឿងងាយទេ ព្រោះថាម្នាក់ៗមានគោលជំហរ ចង់ការពារផលប្រយោជន៍រៀងៗខ្លួន។ ១១ខែ គឺតិចណាស់ សម្រាប់ការចរចា។ មានអ្នកវិភាគខ្លះ បានលើកឡើងថា អង់គ្លេស និងសហភាពអឺរ៉ុប ប្រាកដជាពន្យាពេលសម័យអន្តរកាលនេះ ថែម១ឆ្នាំ ឬក៏អាច២ឆ្នាំទៀតផងក៏មិនដឹង។ បើសិនចង់ពន្យា គឺអង់គ្លេសត្រូវដាក់ពាក្យសុំ ឲ្យបានមុនថ្ងៃទី១ខែកក្កដា។
តែយ៉ាងណា លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស ធ្លាប់បានអះអាងហើយ ថាលោកមិនចង់បន្តរយៈពេលអន្តរកាលនេះឲ្យយូរហួសពី១១ខែទេ។ លោកចនសុន ចង់ធ្វើវាឲ្យដាច់ស្រេចអស់ មុនដាច់ឆ្នាំ២០២០។ ទាក់ទិននឹងអនាគតទំនាក់ទំនងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងអង់គ្លេស គឺលោកបូរីស ចនសុន បានបញ្ជាក់ថា លោកចង់យកគម្រូ តាមកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី ដែលអឺរ៉ុបបានចុះហត្ថលេខា ជាមួយកាណាដា ។ មានគម្រូស្រាប់អ្វីៗនឹងលឿនរហ័ស ។
តែយ៉ាងណា ក្រៅពីទំនាក់ទំនងពាណិជ្ជកម្ម នៅមានវិស័យផ្សេងទៀត ដែលត្រូវរកឲ្យបាននូវកិច្ចព្រមព្រាងដែរ។ ដូចជាផ្នែកសន្តិសុខ កិច្ចសហប្រតិបត្តិការនៃប្រព័ន្ធយុត្តិធម៌ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិស័យសុខាភិបាលជាដើម។ លោកស្រី អៀរស៊ូឡា វ៉ុន ដឺឡេយិន ប្រធានគណកម្មការអឺរ៉ុប បានទទួលស្គាល់ថា រយៈពេល១១ខែខ្លីណាស់ សម្រាប់ចរចាលើបញ្ហាទាំងអស់នេះ។ សម្រាប់ភាគីអឺរ៉ុប គេមិនមែនចង់រត់តាមពេលវេលានោះទេ។ កិច្ចព្រមព្រាងនីមួយៗ ត្រូវមានខ្លឹមសារការពារផលប្រយោជន៍គេ មិនមែនចេះតែចុះហត្ថលេខាឲ្យតែបានៗ ដោយសារខ្លាចដល់ពេលកំណត់នោះឡើយ។
បញ្ហានេះហើយ ដែលជាការព្រួយបារម្ភ។ សេណារីយ៉ូនេះ អាចនឹងកើតឡើងបាន ដូចពេលកន្លងមក។ ដល់ថ្ងៃកំណត់នៅតែចរចាគ្នាមិនត្រូវ។ ទាក់ទិននឹងបញ្ហានេះ លោកស្រី ប្រធានគណកម្មការអឺរ៉ុប បានលើកឡើងថា ភាគីទាំង២ច្បាស់ជាត្រូវសម្រេចចិត្ត រើសយកតែវិស័យអាទិភាពមួយចំនួន មកចរចាមុនសិន។ មានន័យថា បើមិនបានទាំងអស់ ក៏ត្រូវបានកិច្ចព្រមព្រាងក្នុងវិស័យសំខាន់ៗមុនដែរ។ វិស័យសំខាន់នោះ គឺទំនាក់ទំនងពាណិជ្ជកម្ម ចរាចរណ៍ទំនិញ ចរាចរណ៍មនុស្ស អត្រាពន្ធដា និងស្តង់ដាទំនិញគ្រប់ប្រភេទជាដើម។
បើដល់ថ្ងៃទី១មករា ឆ្នាំ២០២១ នៅតែគ្មានកិច្ចព្រមព្រាង គឺមានន័យថា អង់គ្លេសនឹងត្រូវចាកចេញពីទីផ្សាររួមរបស់អឺរ៉ុប ដោយពុំមានកិច្ចព្រមព្រាងអ្វីទាំងអស់។ បញ្ហានេះនឹងធ្វើឲ្យមានការលំបាក វិបត្តិសេដ្ឋកិច្ចប្រាកដជាកើតមានសម្រាប់ក្រុមហ៊ុន សហគ្រាសមិនថាខាងប្រទេសទាំង២៧របស់អឺរ៉ុប មិនថាខាងអង់គ្លេស។ ប្រទេសមួយចំនួន ដូចជាបារាំងជាដើម ដែលមានព្រំដែនជាប់ជាមួយអង់គ្លេស តាមរយៈផ្លូវក្រោមសមុទ្រ គឺគេបានត្រៀមជើងព្រួលរួចខ្លះហើយ ទាក់ទិននឹងការត្រួតពិនិត្យទំនិញ៕