ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់​ក្រោយធ្វើសកម្មភាព​លួចម៉ូតូ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជន​សង្ស័យចំនួន៣នាក់​ត្រូវបានសមត្ថកិច្ច​ស្រាវជ្រាវ​និងឃាត់ខ្លួនជាបន្តបន្ទាប់​ក្រោយពេលពួកគេ​ធ្វើសកម្មភាពលួច​កាច់កម៉ូតូរបស់មន្ត្រីយោធាមួយរូប ពេលជិះមកលេងផ្ទះសាច់ញាតិ ។ ក្រោយពេលឃាត់ខ្លួន ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្ត​ដូច​ជនរងគ្រោះបានប្តឹងសមត្ថកិច្ចពិតប្រាកដមែន ។

ការឃាត់ខ្លួននេះ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិខ្លែងពណ៌ខាងជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​ឈ្មោះ ឯក សំណាង ហៅ ម៉ាញ ភេទប្រុស អាយុ​១៨ឆ្នាំ រស់នៅ​កន្លែងឃាត់ខ្លួនខាងលើ ដោយឡែកបក្ខពួកចំនួន២នាក់ទៀត​មានឈ្មោះ សុខ លេញ ភេទប្រុស អាយុ​២៨ឆ្នាំ ឈ្មោះ ឡឹក សាន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយជនសង្ស័យខាងលើ ។

ប្រភពបានឲ្យដឹងថា កាលពី​វេលាម៉ោង​២២និង៣០នាទី ថ្ងៃទី៣១ ខែមករា សមត្ថកិច្ចបានទទួល​ពាក្យបណ្តឹង​ពីឈ្មោះ ឆិត តារា ភេទប្រុស អាយុ​២៦ឆ្នាំ និងជាមន្ត្រីយោធា​បាន​មកប្តឹងសមត្ថកិច្ច​ប៉ុស្តិ៍នគរបាលព្រៃញាតិឲ្យជួយអន្តរាគមន៍​បន្ទាប់ពី​ម៉ូតូរបស់ខ្លួន​ត្រូវជនសង្ស័យ​ខាងលើ​កាច់ក​ លួចយកទៅ ។ ប្រភពបន្តថា ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ច​ប៉ុស្តិ៍ព្រៃញាតិ និងទឹកល្អក់ បានចេញល្បាត​ និងស្ទាក់មើលផ្លូវ​មុខសញ្ញា​ខាងលើ​ បន្ទាប់មក សមត្ថកិច្ច​បានប្រទះឃើញម៉ូតូមួយគ្រឿង សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-2595 ដែលជារបស់ជនរងគ្រោះ ត្រូវក្រុមជនសង្ស័យយកទៅប្លុងចោល នៅ​វាលស្រែខាងលិចភូមិខ្លែងពណ៌ខាងជើង ។

ប្រភពបានឲ្យដឹងទៀតថា នៅពេលរកឃើញ​ម៉ូតូហើយ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ​កំពុងដើរ​ ក៏ឃាត់ខ្លួនតែម្តង ។ នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានសារភាពថា អ្នកដែលចូលទៅលួចកាច់កម៉ូតូរបស់ជនរងគ្រោះ គឺឈ្មោះ ឯក សំណាង ពេលលួចហើយ ក៏ជិះយកមកឲ្យឈ្មោះ សុខ លិញ និងឡឹក សាន ដើម្បីយកទៅលក់ តែមិនទាន់បានលក់ផង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ សមត្ថកិច្ចជំនាញ​​កំពុងកសាងសំណុំរឿង​បញ្ជូនជនសង្ស័យ​ទៅកាន់​សាលាដំបូងខេត្ត​ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖