ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២របួសធ្ងន់១ដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកបញ្ច្រាសគ្នានៅ ស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានស្លាប់ភ្លាមនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូបើកបរល្បឿនលឿនបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣១៤D ស្ថិតនៅក្នុងភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះម៉ី សុជាតិ អាយុ២៥ឆ្នាំ មាន ស្រុកកំណើតនៅភូមិលាប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ទីលំនៅបច្ចុប្បន្នរស់នៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់ ស្លាកលេខ ស្វាយរៀង ១K៧៩៩២ ។

ចំណែកភាគីម្ខាងទៀតដែលស្លាប់មានឈ្មោះណៃ ធី អាយុ៤០ឆ្នាំ មាន ស្រុកកំណើតនៅភូមិបឹងប្រិយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ទីលំនៅបច្ចប្បន្នរស់នៅភូមិញរ ឃុំញរ ស្រុកកំពង់រោទិ៍ និងអ្នករួមដំណើររងរបួសធ្ងន់មានឈ្មោះស៊ួ សុខ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិញរ ឃុំញរ ស្រុកកំពង់រោទិ៍ ខណៈបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១M៥៨៦២ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ ឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់ ស្លាកលេខស្វាយរៀង ១K៧៩៩២ ប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំបុកជាមួយភាគីម្ខាងទៀតជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនលឿនដូចគ្នាបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នសពទាំង២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យប្រពៃណី ។ រីឯអ្នករបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង ។

ចំណែកវត្ថុតាងម៉ូតូទាំពីរគ្រឿងត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាល ឃុំញរដើម្បីរង់ចាំ ដោះស្រាយពេលក្រោយ ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុអ្នកបើកបរម៉ូតូទាំងពីរគ្រឿងប្រើប្រាស់ល្បឿនលឿន និងមិនប្រកាន់ស្តាំ ៕ យឹម សុថាន


ចែករំលែក៖