ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួនមួយខ្នងនៅ ក្បែរវត្តដំបូកខ្ពស់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ នៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ជាប់ផ្លូវបេតុង២៤BTភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ សាន់ នី ភេទប្រុស អាយុ៦០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ ចូលនិវត្តន៍ បានជួលឲ្យទៅជនជាតិបរទេសដែលមានប្រពន្ធខ្មែរ មុខរបរលក់បាយនៅផ្សារទួលទំពូង ។ ផ្ទះទំហំ៦ម៉ែត្រគុណនឹង១៥ម៉ែត្រ ក្រោមថ្ម លើឈើ ប្រក់ស័ង្កសី ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់បានឃើញមានផ្សែងហុយចេញពីផ្ទះកើតហេតុខាងលើ ដោយពុំដឹងថា អ្នកស្នាក់នៅទៅណាទេ បន្ទាប់មក មិនបាន៥នាទីផង ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញមកយ៉ាងខ្លាំងទើបពួកគាត់ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យជួយទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចផ្នែកអន្តរាគមន៍បង្ការអគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿងមកបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើងដោយ បាញ់ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលា ម៉ោង១០ និង៥០នាទីយប់នៅថ្ងៃខែឆ្នាំដដែលដោយប្រើទឹកអស់ចំនួន៨គ្រឿង ។
ចំពោះការខូចខាតរួមមានផ្ទះមួយខ្នង សម្ភារ និងទ្រព្យសម្បត្តិមួយចំនួនធំ សំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសទេ ។ ចំណែកមូលហេតុដែលបង្កឲ្យមានភ្លើងឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕ ភារ៉ា ដង្កោ