ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខលួចទូរស័ព្ទសន្តិសុខដូចគ្នា ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាសន្តិសុខម្នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ ក្រោយពីចូលទៅលួចទូរស័ព្ទរបស់សន្តិសុខ យាមនៅការិយាល័យមួយកន្លែង បង្កការភ្ញាក់ផ្អើលនៅ វេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហម ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ សន្តិសុខយាមនៅការិយាល័យមួយកន្លែង ស្នាក់នៅក្នុងបន្ទប់ជួល ម្តុំអង់ទែនទួលគោក មានស្រុកកំណើត នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមានឈ្មោះ ឃឿន សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅម្ដុំផ្សារគគីរ ភូមិចន្លក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

តាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានបញ្ចូលថ្មទូរស័ព្ទទុកនៅលើតុ ក្នុងប៉ុស្តិ៍យាមហើយក៏បានធ្មេចភ្នែកបន្តិច ដោយសារតែគាត់ក្ដៅក្នុងភ្នែក ភ្លាមនោះ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-8786 បានចុះធ្វើសកម្មភាពលួចយកទូរសព្ទ័ម៉ាក Samsung note8 ពណ៌ខៀវដែលទុកបញ្ចូលថ្មនៅលើតុ រត់ទៅឡើងម៉ូតូបំរុង និងជិះគេចខ្លួន តែត្រូវបានជនរងគ្រោះដឹងខ្លួនទាន់ ក៏រត់ទៅធាក់ម៉ូតូផ្ដួល ជាក់ស្ដែកឃើញទូរស័ព្ទនៅនិងដៃជនសង្ស័យ រួចក៏ឃាត់ខ្លួននិងឆែកកឆេរឃើញមានខ្នោះមួយនៅនិងចង្កេះ រួចក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ចុះមកវាយខ្នោះភ្លាមៗតែម្ដងដើម្បីយកទៅសួរនាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថតាងត្រូវសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្ត ទៅអធិកាដ្ឋានខណ្ឌមានជ័យ ចាត់ចែងតាមច្បាប់ ។ ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទូរសព្ទ័ជូនវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖