ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបានបើកគេខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ១០៨ ក្បែរស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ងេន ប៊ុនថៃសុក្រ អាយុ១៧ឆ្នាំ មុខរបយាមម៉ូតូនៅជិតផ្សាររាត្រីមានស្រុកកំណើត ខេត្តព្រៃវែង ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូម៉ាហុងដា BEAT ពណ៌សខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IB-9990 តាមបណ្តោយផ្លូវលេខ១០៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា THUNDRA ពណ៌ស មិនចាំស្លាកលេខ បើកតាមផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង បានបុកម៉ូតូពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូ និងមនុស្សឡើងលើចិញ្ចើមផ្លូវក្បែរស្ពាននាគបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរបានចុះមកធ្វើកំណត់ហេតុដើម្បីស្វែងរកក្រុមគ្រួសារជនរងគ្រោះមកទទួលសពយកទៅធ្វើបុណ្យ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះវិញ ៕ ជ្រោយពេជ្រ