ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ដែលបាញ់រះជាច្រើនគ្រាប់នៅកន្លែងម៉ាស្សា មួយកន្លែង យីហោ លីលី ស្ថិតក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ពេលនេះត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញតាមចាប់បានហើយនៅស្រុកស្រែអំបិល ខេត្តកោះកុង នាវេលាម៉ោង៤ ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ក្រោយពីក្មាន់កាំភ្លើងជាមន្ត្រីយោធាម្នាក់បានបាញ់រះចំនួន៦គ្រាប់នៅកន្លែងម៉ាស្សាមួយកន្លែងយីហោ លីលី ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ហើយព្យាយាមគេចខ្លួនបាត់។
បន្ទាប់មកកម្លាំងក៏បានចុះទៅដល់ចំណុចកើតហេតុសួរនាំដើម្បីកំណត់មុខសញ្ញា និងងាយស្រួលតាមចាប់ក្មាន់កាំភ្លើងយកមកដាក់ទោសតាមច្បាប់ ។ រហូតមកដល់វេលាម៉ោង៤ល្ងាច ថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២០ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងអាវុធហត្ថរាជធានី បានស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកស្រែអំបិល ខេត្តកោះកុង ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានីយកទៅសួរនាំរង់ចាំចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ