ព័ត៌មានទាន់ហេតុការណ៍៖

ការអប់រំផ្សព្វផ្សាយនៅតែជាវិធីសាស្រ្តបញ្រ្ជាប និងផ្លាស់ប្ដូរផ្នត់គំនិតមនុស្សឲ្យចេះស្រឡាញ់សត្វព្រៃ និងជីវៈចម្រុះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះអប់រំ និងផ្សព្វផ្សាយពីចំណេះដឹងបរិស្ថាន និងជីវៈចម្រុះ ជូនដល់ប្រជាពលរដ្ឋ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។

កញ្ញា អ៊ុន ចន្ធី អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពិធីចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនេះធ្វើឡើងក្នុងគោលបំណងពញ្ញាក់ស្មារតី និងបញ្រ្ជាបការយល់ដឹងបន្ថែមជូនដល់ប្រជាពលរដ្ឋ ឲ្យផ្លាស់ប្ដូរផ្នត់គំនិត និងចូលរួមស្រឡាញ់ថែរក្សាការពារសត្វព្រៃ និងជីវៈចម្រុះ។

កញ្ញា អ៊ុន ចន្ធី បានលើកឡើងពីវត្តមានសត្វព្រៃដែលជាប្រភេទមានដោយកម្រ, ជិតផុតពូជ និងផុតពូជ ដែលទទួលរងការគំរាមកំហែងមកបង្ហាញតាមរយៈផ្ទាំងរូបភាព និងបង្ហាញពីគោលការណ៍ច្បាប់ដែលបានហាមប្រាមនូវសកម្មភាពដាក់អន្ទាក់, ការបរបាញ់, ការចិញ្ចឹម, ការបរិភោគ, និងការធ្វើពាណិជ្ជកម្មសត្វព្រៃគ្រប់ប្រភេទ។ ជាមួយគ្នានេះ ខ្លឹមសារនៃសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ដីពីវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសសត្វព្រៃគ្រប់ប្រភេទនៅក្នុងខេត្តមណ្ឌលគិរី ក៏ត្រូវបានលើកយកមកបង្ហាញផងដែរ៕


ចែករំលែក៖