ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ឲ្យរិះរកប្រធានបទថ្មីៗសម្រាប់រៀនសូត្រយកជាចំណេះដឹងសម្រាប់ការរស់នៅប្រចាំថ្ងៃដែលមានសារៈប្រយោជន៍ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ។
ថ្លែងក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយពីសុខភាពស្ត្រី និងការទុកដាក់ថ្នាំឲ្យមានគុណភាពនៅថ្ងៃសុក្រ១៤កើតខែមាឃឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ខៀវ កាញារីទ្ធ បានសរសើរនារីៗដែលបានបែកគំនិតគិតរកចំណេះដឹងប្លែកៗសម្រាប់បណ្តុះបណ្តាលដល់សមាជិកជាបន្តបន្ទាប់ ។
លោក រដ្ឋមន្ត្រី បានលើកទឹកចិត្តបន្ថែមថាខ្ញុំសង្ឃឹមថា សមាគមនារីរបស់យើងនឹងខិតខំរកមូលបទផ្សេងទៀតទាក់ទិននឹង ចំណេះ ដឹងទូទៅ ទាក់ទិនការងារផ្សេងៗ.រៀនអ្វីដែលជាប្រយោជន៍សម្រាប់គ្រួសារយើង ខ្លួនយើង និងសង្គមរបស់យើង » ។
ពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយពីសុខភាពស្ត្រី និងការទុកដាក់ថ្នាំឲ្យមានគុណភាពវិញ លោក រដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានប្រយោជន៍ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ។ លោក រដ្ឋមន្ត្រី បានលើកឡើងថាយើងទិញថ្នាំមកហើយបើយើងមិនចេះទុក ចេះដាក់ទេ វានឹងខូចបាត់បង់លុយកាក់យើង វាជាការងារមួយដែលយើងត្រូវយល់ពីបញ្ហានេះ ជាពិសេសបំផុតយើងជានារីហ្នឹងត្រូវចេះទុកដាក់ថ្នាំ ព្រោះយើងជានារីគឺមានភារៈមើលខ្លួនយើងផង កូនផង និងប្តីផង ដូច្នេះការទុកដាក់ថ្នាំនេះចាត់ទុកថាជាការមានសារសំខាន់មួយក្នុងក្រុមគ្រួសារ ។
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីក៏បានសរសើរដល់លោកគ្រូដែលបានចំណាយពេលវេលាធ្វើបទបង្ហាញពីការទុកដាក់ថ្នាំឲ្យបានត្រឹមត្រូវ និងមានគុណភាពដល់សិក្ខាកាមមកពីសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយក្តីសោមនស្សរីករាយផងដែរ៕ សំរិត