ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះវិហារ ព្រមានរដ្ឋបាលក្រុងស្រុកណា មិនមានសមត្ថភាពដោះស្រាយទំនាស់ដីធ្លី នឹងត្រូវស្នើផ្លាស់ចេញពីតួនាទី

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្ត បានព្រមានថា បើរដ្ឋបាលក្រុងស្រុកណាមួយ មិនមានសមត្ថភាពដោះស្រាយទំនាស់ដីធ្លី ប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព អាចទទួលយកបាននោះទេ លោកនឹងស្នើសុំទៅកាន់រាជរដ្ឋាភិបាល ដើម្បីទុកលទ្ធភាពឲ្យអ្នកមានសមត្ថភាព និងឆន្ទៈ ពិតប្រាកដមកធ្វើជំនួសវិញ។

ការថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វេីឡេីងនៅរសៀលសុក្រ ១៤កេីត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ប្រាក់ សុវណ្ណ បានថ្លែងថា ករណីទំនាស់ដីធ្លីនៅខេត្តព្រះវិហារនៅសល់ច្រើនដែលមិនទាន់ បានដោះស្រាយនៅឡើយ។

លោកថា ទំនាស់ខ្លះមានទ្រង់ទ្រាយតូច ទំនាស់ខ្លះទៀតក៏មានទ្រង់ទ្រាយធំ ដែលទាមទារត្រូវការពេលវេលាយូរ។ តែទោះជាយ៉ាងណាក៏ដោយ លោកសូមឲ្យអាជ្ញាធរក្រុង ស្រុកនិមួយៗ និងមន្ទីររៀបចំដែនដី ត្រូវធ្វើបច្ចុប្បន្នភាពករណីទំនាស់ទាំងអស់ក្នុងដែនដីនិមួយៗ បញ្ជូនមករដ្ឋបាលខេត្ត។

លោក ប្រាក់ សុវណ្ណ ក៏បានថ្លែងជំរុញដល់រដ្ឋបាលក្រុងស្រុកនិមួយៗ ត្រូវខិតខំដោះស្រាយវិវាទដីធ្លីទាំងនោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ ព្រោះថា បើយើងមិនបានដោះស្រាយ ទំនាស់ដីធ្លីនេះ ដោយភាពយុត្តិធម៌ និងតម្លាភាព ប្រកបដោយបរិយាប័ន្នទេនោះ វានឹងបណ្តាលឲ្យកើតជំងឺរ៉ាំរ៉ៃជាក់ជាមិនខាន។

ទាក់ទងនឹងជំងឺវីរុសកូរ៉ូណាថ្មី លោកអភិបាលខេត្ត បានណែនាំទៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ ត្រូវបន្តយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ អំពីការការពារកុំឲ្យឆ្លងវីរុសកូរ៉ូណា ពិសេសត្រូវផ្តោតសំខាន់ទៅលើតំបន់មានហានិភ័យ ដូចជាច្រកព្រំដែន និងតំបន់ប្រាសាទនានាដែលមានភ្ញៀវបរទេសចេញចូលទស្សនា។

ជាមួយគ្នានេះដែរ ត្រូវបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិឲ្យបាន ពិសេសបទល្មើសដែលកំពុងកាប់ក្នុងព្រៃ និងដឹកចេញពីព្រៃ បង្រ្កាបបទល្មើសធនធានរ៉ែខុសច្បាប់ និងបង្រ្កាបការជួញដូរសត្វព្រៃ បង្រ្កាបល្បែងស៊ីសងខុសច្បាប់ឲ្យខាងតែបាន៕ មាស សុផាត


ចែករំលែក៖