ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រក្រុមហ៊ុនស៊ីសុផុនហុងសេងស្ព័តវ៉ែរឯកផលិតសម្លៀកបំពាក់កីឡាជាង១០០០នាក់ ផ្ទុះការតវ៉ា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្មកររោងចក្ររបស់ក្រុមហ៊ុន ស៊ីសុផុនហុងសេងស្ព័តវ៉ែរឯកផលិតសម្លៀកបំពាក់កីឡាស្ថិតនៅវិថី៧មករាភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យចំនួនជាង១.០០០នាក់ នាព្រឹក ថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២០ បានផ្ទុះបាតុកម្មតវ៉ាអហិង្សាលើកដំបូង ដោយប្រឆាំងនឹងឈ្មោះលោកតាលេកជនជាតិថៃជាអ្នកគ្រប់គ្រងផ្នែកទូទៅ លោកសម្បត្តិផ្នែករដ្ឋបាល និងលោកយាយតី ផ្នែកគណនេយ្យ ដោយក្រុមកម្មករចោទប្រកាន់ថាអ្នកគ្រប់គ្រងលើបុគ្គលិក នៃរោងចក្រទាំង៣នាក់នេះ បានរំលោភសិទ្ធិសេរីភាព និងសិទ្ធិមនុស្សលើកម្មករជាខ្លាំងទាំងផ្លូវកាយផ្លូវចិត្តទាំងការហូបចុក ,ការចូលបង្គន់ និងការផឹកទឹកជាដើម ។

កម្មការិនីម្នាក់ឈ្មោះ ស្ងួនចំរើនអាយុ៣១ឆ្នាំ រស់នៅភូមិអន្ទង់ថ្ងាន់ឃុំបត់ត្រង់ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា បុរសជនជាតិថៃផ្នែកគ្រប់គ្រងផ្នែកទូទៅ និងបុរសស្ត្រីជនជាតិកម្ពុជាផ្នែករដ្ឋបាល និងផ្នែកគណនេយ្យ៣នាក់នេះបានរំលោភសិទ្ធិកម្មករខ្លាំងពេកទើបពួកខ្លួនទ្រាំមិនបានហើយក៏ផ្ទុះបាតុកម្មសុំទម្លាក់អ្នកទាំង៣នេះចេញ និងដាក់អ្នកថ្មីចូលជំនួសវិញ ។

ចំណែកក្រុមកម្មករនិយាយថា ពួកគេអរគុណនិយោជក(ថៅកែ) និងម្ចាស់ភាគហ៊ុនដែលបានបោះទុនបង្កើតរោងចក្រ និងផ្តល់ការងារឲ្យពួកគេមានការធ្វើនៅនឹងជិតផ្ទះសម្បែង ព្រមទាំងផ្តល់នូវផលប្រយោជន៍ និងលក្ខខណ្ឌងាយស្រួលដល់ពួកគេ ។ ប៉ុន្តែពួកគេផ្ទុះបាតុកម្មនេះគឺសុំឱ្យថៅកែរោងចក្រដកចេញបុរស ស្ត្រីទាំង៣នាក់ដែលជាអ្នកគ្រប់គ្រងតាមផ្នែកនេះចេញ ព្រោះពួកគេទាំង៣នាក់រំលោភសិទ្ធិសេរីភាព និងសិទ្ធិមនុស្សលើកម្មករជាខ្លាំងទាំងផ្លូវកាយផ្លូវចិត្តទាំងការហូបចុក សូម្បីចូលបង្គន់ឬ ផឹកទឹក ក៏សន្តីឲ្យកម្មករដែរ ។

កម្មករទាំងនេះបានលើកយកច្បាប់ស្តីពីការងារចំនួន៧ចំណុចឱ្យថៅកែជួយដោះស្រាយ៖១សុំឱ្យថៅកែផ្អាកការងារបុគ្គលិក៣នាក់ខាងលើ ។ ២-ការស្កែនមេដៃរបស់កម្មករមិនទាន់ឱ្យកាត់តែ២ដុល្លារបានហើយ ។ ៣-សូមគិតពលកម្មសម្រាប់ថ្ងៃទី៣១ផង ។ ៤-ស្នើបន្ថែមកន្លែងផឹកទឹក ។ ៥-សុំពេលម៉ោងសម្រាកពីការងារឲ្យបានទៀងទាត់ ។ ៦-សុំកុំបង្ខំឲ្យកម្មករស្កែនមេដៃហួសហេតុពេក ៧-សុំសម្រាកមុនម៉ោងរយៈពេល១០នាទី ។ ៨-សុំថៅកែរោងចក្រគិតលុយថ្លៃប្រាក់ឈ្នួលលើសម៉ោងទើបកម្មករមានកម្លាំងធ្វើការ ។ លុយឈប់សម្រាកប្រចាំឆ្នាំមានចំនួន១៨ថ្ងៃបើកម្មករនៅតែធ្វើជាប់ថៅកែត្រូវផ្តល់ប្រាក់ឲ្យកម្មករ១៩៧ដុល្លារ ក្នុង១ឆ្នាំខណៈឆ្នាំនេះថៅកែអត់គិតឱ្យកម្មករទេ ។

ទាក់ទិនការតវ៉ារបស់កម្មករនេះ លោកហ៊ឹលរ៉ាយ៉ាអភិបាល ក្រុងសិរីសោភ័ណ, លោករស់សារុំប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បន្ទាយមានជ័យ និងមន្ត្រីបានអញ្ជើញទៅសម្របសម្រួល និងយកបញ្ហាកង្វល់របស់កម្មកររទៅដោះស្រាយជាមួយថៅកែរោងចក្រ ហើយលទ្ធផលទទួលបានបែបណានោះ អាជ្ញាធរមូលដ្ឋាននឹងជម្រាបពេលក្រោយ ៕ ប្រាថ្នា


ចែករំលែក៖