ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ទៀត ត្រូវបានមន្ត្រីអង្គភាពកំចាត់មីន ស៊ីម៉ាក់រាវរកឃើញ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃ សុក្រ ១៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ កុម្ភ:ឆ្នាំ២០២០ និងបានកម្ទេចចោលនៅរសៀលថ្ងៃដដែល នៅតាមមាត់ស្ទឹងសង្កែ ត្រើយខាងកើត ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
តាមប្រភពព័ត៌មានពីមន្ត្រីជំនាញនៃអង្គភាពសកម្មភាពកំចាត់មីនទី២ (CMAC-DU2) ដែលបានចុះធ្វើការរុករកយុទ្ធភណ្ឌនេះ បានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ ដែលមន្ត្រីជំនាញបានរកឃើញនេះមាន គ្រាប់B-៤០បាញ់ចំនួន២គ្រាប់, គ្រាប់ធុន៩០៤ចំនួន១គ្រាប់ និងគ្រាប់ធុន១០៥ម.មចំនួន០១គ្រាប់។ គ្រាប់យុទ្ធភ័ណ្ឌទាំងនេះជាសំណល់ពីសម័យសង្គ្រាមដែលកប់នៅក្នុងដីនៅតាមច្រាំងស្ទឹងសង្កែ ហើយត្រូវបានគ្រឿងចក្រកាយផុសឡើង និងត្រូវមន្ត្រីជំនាញស៊ីម៉ាក់ប្រើម៉ាស៊ីនរាវរកឃើញជាបន្តបន្ទាប់ ។
មន្រ្តីដដែល បញ្ជាក់ថា រយ:ពេលជាង១សប្ដាហ៍កន្លងទៅនេះ អង្គាភាពកម្ចាត់មីនស៊ីម៉ាក់បានរកឃើញក្បាលគ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទជាបន្តបន្ទាប់ចាប់តាំងពីអាជ្ញាធរខេត្តបាត់ដំបង ប្រើប្រាស់គ្រឿងចក្រកាយដីកែលម្អច្រាំងស្ទឹងសង្កែ នៅក្នុងក្រុងបាត់ដំបង ។ កាកសំណល់សង្គ្រាម ដែលរកឃើញទាំងនោះ ត្រូវបានអង្គភាពស៊ីម៉ាក់រៀបចំកម្ទេចចោលនៅនឹងកន្លែងតែម្ដង ដោយសារគ្រាប់ទាំងនោះអាចប្រឈមគ្រោះថ្នាក់ខ្លាំង និងមិនអាចចល័តចេញពីទីតាំងនេះទៅកន្លែងផ្សេងបានទេ ៕ ប្រាថ្នា