ភ្នំពេញ៖ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ប្រមាណជាង៣,០០០នាក់ដែលមកពីខេត្តកណ្ដាលរាជធានីភ្នំពេញខេត្ដកំពង់ឆ្នាំង និងខេត្តកំពងស្ពឺ បានមកជួបជុំគ្នានៅព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ(ឧត្ដុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីប្រារព្ធពីធីបុណ្យមាឃបូជា ដែលគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិរៀបចំនៅទីនោះ ។
ពិធីបុណ្យមាឃបូជាឆ្នាំនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងមានការចូលរួមរបស់តំណាងស្ថានទូតឥណ្ឌាវៀតណាម និងមីយ៉ាន់ម៉ាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីសម្ដេចព្រះសង្ឃនាយករងមន្ត្រីសង្ឃ លោក លោកស្រី ជាសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលមន្ត្រីរាជការតាមក្រសួងមន្ទីរស្ថាប័ន អ្នកមុខ អ្នកការ សិស្សានុសិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទមកពីទីជិតទីឆ្ងាយផងដែរ ។
ពិធីនានាខាងសាសនា ត្រូវបានធ្វើឡើងនាសាលាបុណ្យខាងក្រោមមុខព្រះមហាសក្យមុនីចេតិយ ដែលរួមមានប្រកាសបួងសួងនមស្ការព្រះរតនត្រ័យ និងសមាទានសីលប្រកាសមាឃបូជាវេរភត្តប្រគេនព្រះសង្ឃភត្ដានុមោទនាព្រមទាំងអាចារ្យឧទ្ទិសកុសល ។ បន្ទាប់មក ក៏មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៣០០អង្គ (៨០អង្គផ្លូវការ) តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងតាមសទ្ធាជ្រះថ្លារៀងខ្លួនផងដែរ ។
តាមប្រវត្តិមាឃបូជាបានបង្ហាញថា នៅក្នុងរាត្រីនៃថ្ងៃពេញបូណ៌មី ខែមាឃ មានព្រះចន្ទរះពេញវង់ភ្លឺត្រចះ ត្រចង់ ព្ធដ៏នភាល័យ ពាសពេញមេឃប្រកបដោយមាឃនក្ខត្តឬក្ស ។ រាត្រីនោះ ជាអភិលក្ខិតកាលដ៏ធំមួយរបស់ពុទ្ធសាសនាដែលពុទ្ធសាសនិកជននៅក្នុងពិភពលោកនិយមរាប់អានថា ជាទិវាមហាអស្ចារ្យ និងជាមង្គលដ៏ប្រសើរព្រមទាំងបាននាំគ្នាចាត់ចែងគ្រឿងសក្ការដ៏ប្រណីតមានប្រទីបជ្វាលាទៀនធូប និងកម្រងផ្កាជាដើមបូជាចំពោះព្រះសក្យមុនីចេតិយជាទីតម្កល់ព្រះបរមសារីរិកធាតុ និងឧទ្ទេសិកចេតិយគឺព្រះបដិមាដែលប្រតិស្ឋាននៅទីផ្សេងៗមានវត្តអារាមជាដើមឧទ្ទិសចំពោះព្រះសក្យមុនីគោតមបរមសម្មាសម្ពុទ្ធ និងព្រះអរហន្តសាវ័កទាំងឡាយដែលទ្រង់បរិនិព្វានទៅជាយូរអង្វែង ហើយដោយបានប្រជុំគ្នាស្ដាប់ព្រះសង្ឃស្វាធ្យាយព្រះធម៌ និងស្ដាប់ព្រះសទ្ធម្មទេសនាដោយគោរពព្រមទាំងបានសន្មត់ថ្ងៃពេញបូណ៌មីខែមាឃថា ជាថ្ងៃមាឃបូជារាល់ៗប្រទេសកាន់ព្រះពុទ្ធសាសនាជាប់ជាប្រពៃណីតៗមក ។
ការប្រារព្ធពិធីបុណ្យនេះ គឺក្នុងបំណងរម្លឹកដល់ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងព្រះពុទ្ធសាសនានោះ គឺទី១រម្លឹកដល់ថ្ងៃចតុរង្គសន្និបាត នៃព្រះភិក្ខុសង្ឃទាំង១២៥០អង្គ នាថ្ងៃ១៥កើត ខែមាឃ ។ និងទី២គឺរម្លឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានដាក់អាយុសង្ខារ ពោលគឺថ្ងៃ១៥កើត ខែមាឃនេះ ជាថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូបានត្រាស់ដឹង និងក៏ជាថ្ងៃដែលព្រះអង្គបានចូលបរិនិព្វាន ។
នៅប្រទេសកម្ពុជាក៏បានធ្វើបុណ្យមាឃបូជាដូចប្រទេសពុទ្ធសាសនិកទាំងពួងដែរ ។ តាំងពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្សមក រាជរដ្ឋាភិបាលបានកំណត់ថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិហៅយ៉ាងខ្លីថា មាឃបូជាជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា ។ ព្រះរាជាទ្រង់សព្វព្រះរាជហឬទ័យធ្វើព្រះរាជកុសលមាឃបូជានៅហោព្រះវិហារសួគ៌ក្នុងព្រះបរមរាជវាំងរៀងរាល់ឆ្នាំដោយមានគ្រឿងសក្ការមានព្រះសង្ឃនឹងមានទេយ្យទានយ៉ាងច្រើនប្រកបដោយព្រះរាជហឬទ័យជ្រះថ្លា ។
ក្រៅពីព្រះបរមរាជវាំងព្រះរាជាទ្រង់សព្វព្រះរាជហឬទ័យឱ្យក្រុមសង្ឃការីចាត់ចែងគ្រឿងសក្ការៈបូជាយកទៅបូជាថ្វាយព្រះរតនត្រ័យនៅវត្តឧណ្ណាលោមវត្តបុទមវតីវត្តលង្កាវត្តនួនមណីរាមវត្តពុទ្ធឃោសាចារ្យនៅក្រុងភ្នំពេញ និងនៅវត្តតាមខេត្តមួយចំនួន៕ សំរិត