ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនឪពុកតិរច្ឆានស្រវឹងស្រាចាប់រំលោភកូនស្រីបង្កើត

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឪពុកតិច្ឆានតណ្ហាក្រាស់ ផឹកស្រាស្រវឹងហើយឲ្យកូនស្រីកោសខ្យល់ឲ្យ លុះតណ្ហាឡើងកំពូលយកកាំបិតព្រា មកភ្ជង់ករហើយអូសឡើងគ្រែរចាប់រំលោភបានសម្រេច ខណ:ដែលកូនស្រីបង្កើតរបស់ខ្លួន មានប្តី និងមានកូនរួចទៅហើយ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ កាលពីវេលាម៉ោង ២២ និង៣៥នាទី នៅចំណុច ភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បៀន ខូយ ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិ ឃុំ ស្រុកកើតហេតុខាងលើ មានមុខរបរជាកសិករ ត្រូវជាឪពុកបង្កើត ចាប់រំលោភសេពសន្ថវៈកូនស្រីរហូតបានសម្រេចមួយលើក ។

បើតាមសមត្ថកិច្ចបានឲ្យដឹងរយៈពេលពីរខែមកហើយដែលជនរងគ្រោះ និងប្តីព្រមទាំងកូនៗបីនាក់ទៀតបានផ្លាស់ទីលំនៅពីឃុំពាមបាងមករស់នៅលើផ្ទះជនសង្ស័យជាឪពុកបង្កើតរបស់ខ្លួន នៅមុនថ្ងៃកើតហេតុប្តី និង ម្ដាយបង្កើតបានចុះទៅនេសាទត្រីឯបឹងទន្លេសាប ក្នុងឃុំពាមបាង លុះនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោងប្រហែល ២១ និង០០នាទី ជនសង្ស័យបានត្រឡប់ពីផឹកស្រាក្នុងស្ថានភាពស្រវឹងហើយបានប្រើជនរងគ្រោះកោសខ្យល់ឲ្យ ដោយនិយាយលួងលោមសុំជនរងគ្រោះរួមភេទ ប៉ុន្តែជនរងគ្រោះប្រកែកពុំព្រមហើយក៏រត់មកដេកជាមួយកូនៗនៅក្នុងមុង មួយសន្ទុះក្រោយមក ជនសង្ស័យបានកាន់កាំបិតដើរមកចាប់ដៃជនរងគ្រោះអូសចេញពីក្នុងមុងយកទៅលើគ្រែហើយគំរាមថា បើពុំព្រមប្រយ័ត្នអញសម្លាប់ចោលទាំងម៉ែទាំងកូន រួចក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចតែម្ដង ។ នៅវេលាម៉ោង ១៤ និង០០នាទីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២០ ទើបម្ដាយនាំមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រកស្ទោង។

ក្រោយសមត្ថកិច្ចទទួលបានបណ្ដឹងកម្លាំងជំនាញព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាល ឃុំ ប្រឡាយ ឃាត់ខ្លួនជនសង្ស័យកសាងសុំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖