ព័ត៌មានទាន់ហេតុការណ៍៖

ចិនស្នើអាមេរិកប្រកួតប្រជែងដោយស្មើភាព​លើបច្ចេកវិទ្យា ឈប់វាយប្រហារ លើក្រុមហ៊ុនចិន

ចែករំលែក៖

ប៉ុន្មានឆ្នាំចុងក្រោយនេះប្រព័ន្ធបច្ចេកវិទ្យារបស់ចិនរីកចំរើនយ៉ាងខ្លាំង ធ្វើឲ្យអាមេរិកកាន់តែបារម្ភ ខា្លចចិនគ្រប់គ្រងបច្ចេកវិទ្យាទាំងអស់នៅលើពិភពលោក​ ។ កតាទាំងនោះហើយបានជាអាមេរិក​វាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ក្នុងនោះមាន​​ហួវាយជាដើម ។

នៅពេលនេះ​ក្រុង ប៉េកាំង ស្នើឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការវាយប្រហារព័ត៌មានវិទ្យា និងស៊ើបការណ៍សំងាត់ប្រឆាំងនឹងចិន ។ ​អាមេរិកគួតែមានការប្រកួតប្រជែងដោយស្មើភាពគ្នា ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយថា ចិនគឺជាជនរងគ្រោះនៃការវាយប្រហារព័ត៌មានវិទ្យា និងស៊ើបការណ៍សំងាត់ ពីសំណាក់សហរដ្ឋអាមេរិក ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ទង្វើបែបនេះជាបន្ទាន់ ។

សេចក្តីថ្លែងការណ៍ខាងលើរបស់លោក Geng Shuang ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់សមាជិក៤រូប នៃកងទ័ពរំដោះប្រជាជនចិន ពីបទវាយប្រហារតាមព័ត៌មានវិទ្យា ឬ Hack ប្រឆាំងនឹងក្រុមហ៊ុន Equifax កាលពីឆ្នាំ២០១៧ ។ ប៉ុន្តែ ក្រសួងការបរទេសចិន បានចេញមកបញ្ជាក់ថា រដ្ឋាភិបាល និងយោធាចិន មិនបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋបែបនេះឡើយ ។

គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ម្តងហើយម្តងទៀតថា ក្រុម Hackers មួយចំនួនមានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង បានព្យាយាមលួចយក ទិន្នន័យសំងាត់ជាច្រើន ដើម្បីយកទៅប្រើប្រាស់ជាយុទ្ធសាស្ត្រនយោបាយ បើទោះជាចិនបានបដិសេធក៏ដោយ ។ ម្យ៉ាងវិញទៀត តាមរយៈការចោទប្រកាន់នេះ សហរដ្ឋអាមេរិក ក៏បានដាក់ចេញផងដែរនូវវិធានការរឹតត្បិត យ៉ាងខ្លាំងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ជាមួយការអំពាវនាវដល់ប្រទេសដទៃទៀត ឲ្យគាំទ្រការដាក់ទណ្ឌកម្មរបស់ខ្លួន និងចោទប្រកាន់ក្រុមហ៊ុនយក្សមួយនេះ ថាជាចារកម្មសម្ងាត់របស់ចិន៕


ចែករំលែក៖