ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្ទើររាល់ថ្ងៃមិនដាំបាយហូប ត្រូវប្ដី និងម្ដាយក្មេក ព្រួតគ្នាវាយបណ្ដាលឲ្យបែកក្បាលឈាមស្រោចខ្លួនបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ភ្លេចដាំបាយឲ្យកូនហូបព្រោះតែស្រវឹងស្រា ស្រាប់តែម្តាយក្មេក និងប្ដី ព្រួតគ្នាវាយបណ្តាលឲ្យបែកក្បាលហូរឈាមជោកជាំ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ និងហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ រ៉ាត់ សុខឡេង អាយុ ៤១ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិអំពិល ឃុំប៉ុស្តិ២ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ស្នាក់នៅចំនុចកើតហេតុខាងលើ ចំណែកប្តីឈ្មោះ យិន សុផល អាយុ ៥១ឆ្នាំ មុខរបរមន្ត្រីនគរបាលនៅស្រុកល្វាឯម ចំណែកម្តាយក្មេកឈ្មោះ ជុំ ប៊ុនធឿន ស្នាក់នៅក្បែរគ្នា ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញគ្រួសារខាងលើនេះតែងតែប្រមូលផ្តុំគ្នាផឹកស្រាថ្នាំ ពេលស្រវឹងស្រឿងៗបានឈ្លោះប្រកែកជេរបញ្ចោគ្នាស្ទើរតែរៀងរាល់ពេល ។ លុះមុនពេលកើតហេតុ ស្ត្រីរងគ្រោះរាងធ្លាក់ភ្នែកបន្តិច បានដើរកាន់ឈើច្រត់ទៅសុំបាយម្តាយក្មេកមួយចានយកទៅឲ្យកូនរបស់គាត់ហូប ពេលនោះម្តាយក្មេកបានស្តីបន្ទោសឲ្យថា «មិនចេះដាំបាយឲ្យកូនស៊ីទេ គិតតែពីនាំគ្នាផឹកស្រា ពេលស្រវឹងមករកសុំបាយអញ អញមិនឲ្យទេបើអត់មានអង្ករអញឲ្យពីរបីគីឡូយកទៅទុកដាំបាយឲ្យកូនស៊ីទៅ» ។

ក្រោយមកស្ត្រីដែលជាកូនប្រសារស្រីរូបនេះ នៅតែចចេសចូលទៅដួសបាយធ្វើឲ្យម្តាយក្មេក និងប្ដី ខឹង ចាប់វាយ និងចានថែមទាំងបោកក្បាលដួលទៅឥដ្ឋ បណ្តាលឲ្យបែកក្បាលហូរឈាមជោគជាំពេញខ្លួន ត្រូវបានបញ្ជូនទៅតាមរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដើម្បីធ្វើការសង្គ្រោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានចុះទៅពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ព្រមទាំងធ្វើការឃាត់ខ្លួនប្តី និងម្តាយក្មេក ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖