គណបក្សប្រឆាំង Aam Aadmi បានប្រកាសទទួលបានជ័យជំនៈ ក្នុងការបោះឆ្នោត សភាទីក្រុងញូវដេលី ប្រទេសឥណ្ឌា ។ ជាមួយគ្នានោះគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីក៏បានប្រកាស ទទួលស្គល់ពីការបរាជ័យរបស់ខ្លួនផងដែរ ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានជួបបរាជ័យយ៉ាងខ្លាំង ក្នុងការបោះឆ្នោតសភានៅរដ្ឋធានីញូវដែលី ។ ក្រោយបានដឹងដំណឹងនេះ ក្រុមអ្នកដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល បានលើកគ្នាទៅជួបជុំ និងដើររាំតាមដងផ្លូវនានា ដើម្បីអបអរសាទរចំពោះលទ្ធផលឆ្នោតដែលបានដូចក្តីបំណង ។
គណបក្សដែលអាចដណ្តើមយកជ័យជម្នះ ពីបក្សកាន់អំណាចឥណ្ឌា ក្នុងការបោះឆ្នោតជ្រើសតំណាងរាស្ត្រនៅរដ្ឋធានីញូវដេលីឈ្មោះថាអាំ អាត់មី (Aam Aadmi) ។ តាមរយៈលទ្ធផលបឋម គណបក្សអាំ អាត់មី បានយកឈ្នះចំនួន ៣៦ អាសនៈ ដើម្បីទទួលបានសំឡេងភាគច្រើននៅក្នុងសភាញូវដែលី ដែលមានអាសនៈសរុបទាំងអស់ចំនួន ៧០ ។
ក្រោយការប្រកាសលទ្ធផលបឋម នាយករដ្ឋមន្ត្រីហិណ្ឌូនិយមឥណ្ឌាលោកណារិនដ្រា ម៉ូឌី បានចេញមុខអបអរសាទរចំពោះ ជ័យជម្នះរបស់បក្សអាំ អាត់មី ដែលជាបក្សត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ។ តាមរយៈសារនៅលើបណ្តាញសង្គមធ្វីតទឺ លោកម៉ូឌី បានលើកទឹកចិត្តពួកគេ ឲ្យធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើប្រជាពលរដ្ឋឥណ្ឌា ដែលរស់នៅក្នុងទីក្រុងញូវដែលី ។
គួរកត់សម្គាល់ថា មុនការបោះឆ្នោតសភា គណបក្សស្តាំនិយមរបស់លោកណារិនដ្រា ម៉ូឌី បានខិតខំធ្វើយុទ្ធនាការបោះឆ្នោតយ៉ាងខ្លាំង ដើម្បីយកឈ្នះលើគណបក្សអាំ អាត់មី ដែលមានលោក អាកវីន គេជ្រីវ៉ាល់ ជាប្រធាន ។
យុទ្ធនាការនេះ ធ្វើឡើង តាមរយៈការបង្កើតច្បាប់សញ្ជាតិថ្មី ដែលជាច្បាប់អនុញ្ញាតឲ្យជនជាតិភាគតិច មិនមែនជាអ្នកកាន់សាសនាអ៊ីស្លាម មកពីប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងបង់ក្លាដែស មានលទ្ធភាពទទួលបានសញ្ជាតិឥណ្ឌាស្រួលជាងមុន ។
តែផ្ទុយពីការរំពឹងទុក ការដាក់ចេញនូវច្បាប់សញ្ជាតិថ្មី មិនបានជួយឲ្យបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី ឈ្នះការបោះឆ្នោតសភានៅញូវដេលីឡើយ ។ មួយវិញទៀត បរាជ័យក្នុងការបោះឆ្នោតលើកនេះ ក៏ជាតឹកតាងមួយបង្ហាញពីការមិនពេញចិត្ត របស់ប្រជាពលរដ្ឋឥណ្ឌាអ្នកកាន់សាសនាអ៊ីស្លាម ចំពោះច្បាប់សញ្ជាតិថ្មីដ៏ចម្រូងចម្រាសនេះដែរ ។
គួររំឭកជូនថា ច្បាប់សញ្ជាតិថ្មី ត្រូវបានអនុម័តដោយសភាឥណ្ឌា កាលពីខែធ្នូ ឆ្នាំមុន ។ បើតាមរដ្ឋាភិបាលឥណ្ឌា ច្បាប់សញ្ជាតិថ្មីនេះ ជួយការពារជនអន្តោប្រវេសន៍ដែលជាជនជាតិភាគតិច ឲ្យរួចផុតពីការធ្វើទុក្ខបុកម្នេញផ្នែកសាសនា ។ ក៏ប៉ុន្តែ សម្រាប់ក្រុមអ្នកប្រឆាំងវិញ ច្បាប់ថ្មីនេះមានភាពលម្អៀង និងរើសអើងផ្នែកសាសនា សម្រាប់ក្រុមអ្នកកាន់សាសនាអ៊ីស្លាម ។
ក្រោយសភាជាតិឥណ្ឌាសម្រេចអនុម័តលើច្បាប់ថ្មីនេះរួចភ្លាម ប្រជាពលរដ្ឋឥណ្ឌា បានខឹងសម្បាជាខ្លាំង និងបាននាំគ្នាចុះផ្លូវធ្វើបាតុកម្ម រហូតបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិតចំនួន ២៥ នាក់ទៀតផង៕