អឺរ៉ូបបានកោះប្រជុំ ដើម្បីរកវិធីសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណាយ៉ាងមានប្រសិទ្ធភាពបំផុត ។ នៅពេលនេះអង្គគ្លេសក៏បានបង្កើត មណ្ឌល Milton Keynes ទទួលអ្នកមានផ្ទុកមេរោគកូរ៉ូណាថ្មី ឲ្យនៅ ដាច់ដោយឡែកពីគេ នៅអង់គ្លេស ។
នៅប្រទេសអង់គ្លេស មានករណីឆ្លង វិរុស ៤នាក់ថ្មីទៀត បង្ខំឲ្យរដ្ឋាភិបាលទីក្រុងឡុងដ៍ បានប្រកាសចាត់ទុក កូរ៉ូណាវីរុស ថាជាការគំរាមកំហែងសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ និងបន្ទាន់ ។ ចំណែកនៅសហភាពអឺរ៉ុបវិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអឺរ៉ុប បានប្រកាសរៀបចំជំនួបប្រជុំវិសាមញ្ញ នៅថ្ងៃព្រហស្បតិ៍ទី ១៣កុម្ភៈ នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សារកវិធានការទប់ស្កាត់ការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី លើទឹកដីសហភាពអឺរ៉ុប ។
ជំនួបប្រជុំវិសាមញ្ញ ថ្នាក់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអឺរ៉ុប ដែលបានការចូលរួមពីសំណាក់តំណាងអង្គការសុខភាពពិភពលោកម្នាក់ផង នឹងជជែករកមធ្យោបាយរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូរ៉ូណាវីរុស ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ ក្នុងជំនួបជាមួយសមភាគីបារាំង កាលពីថ្ងៃទី ៤កុម្ភៈ បានអំពាវនាវរួចហើយឲ្យអឺរ៉ុប សម្រេចចាត់វិធានការ ថ្នាក់អឺរ៉ុប រឹតបន្តឹងការត្រួតពិនិត្យព្រំដែន និងហាមឃាត់មិនឲ្យចូលនូវរាល់អ្នកដែលមិនមែនជាពលរដ្ឋរស់នៅលើទឹកដីអឺរ៉ុប ធ្វើដំណើរមកចិន ។ ជាវិធានការដែលសហរដ្ឋអាមេរិកបានអនុវត្តធ្វើហើយ តែអឺរ៉ុបចាំបាច់ត្រូវជួបពិគ្រោះជាមួយសមាជិកសហភាពសិន ។ នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីសុខាភិបាលអឺរ៉ុប ក៏នឹងត្រូវផ្តោះប្តូរយោបល់ និងពិភាក្សាគ្នាផងដែរ រកដំណោះស្រាយ ដើម្បីបញ្ចៀសកុំឲ្យមានការរាតត្បាតនៃកូរ៉ូណាវីរុសលើទឹកដីអឺរ៉ុប៕