ខេត្តព្រៃវែង៖ យុវជនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច បានចុះស្រាវជ្រាវបឋមឃាត់ខ្លួន បន្ទាប់ពីរូបគេប្រើហិង្សាលើយុវជនម្នាក់ទៀត របួសធ្ងន់ ហើយគេចខ្លួនបាត់អស់មួយរយៈ ។
មន្រ្តីនគរបាលស្រុកព្រះស្តេច បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិស្នាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ពាក់ព័ន្ធករណីហិង្សា ។
ជនសង្ស័យឈ្មោះ ចាន់ ហ៊ុយ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្នាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ បេ វិច្ឆកា ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិតាង៉ក ឃុំរំចេក បណ្ដាលឲ្យរបួសធ្ងន់ ។
មន្រ្តីដដែលបន្តថា យោងតាមដំណើររឿង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៣ និង ៣០នាទីរសៀល នៅចំណុចមុខសាលាឆទានក្លោងទ្វាវត្តកណ្តាល ស្ថិតនៅភូមិលឹង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ជនសង្ស័យឈ្មោះ ចាន់ ហ៊ុយ បានប្រើហិង្សាទៅលើឈ្មោះ បេ វិច្ឆកា បណ្ដាលឲ្យរបួសធ្ងន់ រួចគេចខ្លួនបាត់តែម្តង ។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលព្រះស្ដេច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ សតារា