ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយក្នុងចង្កោមអ្នកសិល្បៈក្រោយពីពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បានបង្ហោះសារខ្លី មានន័យជ្រៅគឺសុំឲ្យលោក រិទ្ធិ អូមេហ្គា ដែលគេស្គាល់ថាជាអ្នកជំនួញ និងជាផលិតករដឹកនាំសម្តែងក្នុងផលិតកម្មថោន ឲ្យចូលខ្លួនមកដោះស្រាយបំណុលឲ្យបានឆាប់រហ័ស ។
សារនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកសិល្បៈ និងមហាជន ថាមិនគួរឲ្យជឿខណៈដែលគេធ្លាប់បានដឹងតាមបណ្តាញសារព័ត៌មានថា លោកឃុន ធារិទ្ធិ ហៅ រិទ្ធិ អូមេហ្គា គឺជាមនុស្សមានមុខមាត់ក្នុងសង្គមសិល្បៈ និងគ្រប់គ្រងជំនួញស៊ុបខ្យងដ៏ល្បីល្បាញហាងកាហ្វេ និងក្លឹបកម្សាន្តនោះ។ សារនេះត្រូវបានបង្ហោះទាំងកណ្តាលអាទ្រាធឈានចូលថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅ ប៉ុន្តែត្រូវបាន ពិធីករលោក សុខ រ៉ាស៊ី លប់ចេញវិញនារសៀលថ្ងៃដដែល។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេពីលោក សុខ រ៉ាស៊ី ប៉ុន្តែ តាមការបញ្ជាក់របស់លោក រិទ្ធិ អូមេហ្គា បានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា ការបង្ហោះសារនោះអាចនឹងនាំឲ្យមានការយល់ច្រឡំ។ លោកថា កន្លងទៅលោកបានចេញមុខធានាក្នុងកិច្ចការខ្ចីប្រាក់ពីលោកសុខ រ៉ាស៊ីឲ្យទៅមិត្តភ័ក្កិម្នាក់ ក្នុងទឹកប្រាក់ចំនួន៤ពាន់ដុល្លារអាមេរិក ប៉ុន្តែភាគីដែលលោកធានាមិនបានសងតាមការកំណត់ ទើបលេចរឿងនេះឡើង។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា ភាគីទាំងសងខាងបានសម្រួលគ្នារួចរាល់អស់ហើយដើម្បីបញ្ចប់វិវាទ ៕ វឌ្ឍនា