អាហ្វហ្គានីស្ថានរងការវាយប្រហារ ពីកម្លាំងទាហានអាមេរិក ក្រោយការវាយប្រហារភេរវកម្មនៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោក ក្នុងបុរីញូវយ៉កអាមេរិក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០១ បានបង្ខំឲ្យ ប្រធានាធិបតី ប៊ូស សម្រេចបើកការវាយប្រហារអហ្វហ្គានីស្ថាន ដើម្បីផ្តួលរំលំរបបតាលីបង់ គាំទ្រភេរវកម្ម។
តាំងពីពេលនោះមក អាហ្វហ្គានីស្ថានស្ថិតនៅក្នុងសង្គ្រាមជានិច្ច បើទោះបីមេដឹកនាំភេរវកម្ម អូស្មាប៊ីនឡាឌីត ត្រូវអាមេរិក សម្លាប់ហើយក្តី។ ការស្វែងរកសន្តិភាពនៅក្នុងប្រទេសនេះត្រូវបានរាំងស្ទះ ដោយមិនមានសំឡេងរួមគ្នា រវាងអាមេរិក អាហ្វហ្គានីស្ថាន និងក្រុមតាលីបង់។
នៅពេលនេះកិច្ចពិភាក្សាស្តីពីសន្តិសភាពរវាងអាមេរិក និងអាហ្វហ្គានីស្ថាន អូសបន្លាយជាច្រើនឆ្នាំកន្លងមក ដោយមិនទទួលបានជោគជ័យនោះឡើយ។ នៅពេលនេះ ប្រធានាធាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីសេចក្ដីសម្រេចចិត្តលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយនឹងក្រុមឧទ្ទាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
បើយោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសសេចក្តីសម្រេចចិត្តជាលក្ខខណ្ឌ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការប្រកាសរបស់ លោកប្រធានាធិបតីអាមេរិក បានកើតឡើង បន្ទាប់ពីក្រុមជ្រុលនិយម ចេញឱសានវាទមួយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
មន្រ្ដីអាមេរិក បានថ្លែងថា កិច្ចព្រមព្រៀងស្ដីការកាត់បន្ថយនូវអំពើហិង្សារបស់ក្រុមឧទ្ទាមតាលីបង់ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ កិច្ចព្រមព្រៀនេះ អំពាវនាវឲ្យក្រុមឧទ្ទាមតាលីបង់ និងកងទ័ពអាមេរិក កាត់បន្ថយនូវអំពើហិង្សា ដែលអាចនឹងឈាន ដល់កិច្ចព្រមព្រៀងមួយដែលនឹងត្រូវចុះហត្ថលេខា។
បណ្ដាញទូរទស្សន៍ Fox Business Network បានរាយការណ៍ព័ត៌មាន កាលពីថ្ងៃទី១២ ខែកុម្ភៈ ថា លោក Ashraf Ghani បានសរសេរ នៅលើបណ្ដាញសង្គមថា លោកទទួលបានការហៅទូរស័ព្ទពីលោក Mike Pompeo រដ្ឋមន្រ្ដីក្រសួងការបរទេស អាមេរិក ដែលបានប្រាប់លោក អំពីការវិវឌ្ឍគួរឲ្យកត់សម្គាល់ នៅក្នុងកិច្ចចរចាជាមួយក្រុមឧទ្ទាមតាលីបង់។
មន្រ្ដីក្រុមតាលីបង់ បានថ្លែងថា ប្រធានក្រុមអ្នកចរចា លោក Abdul Ghani Baradar នឹងជួបជាមួយប្រសិតពិសេសសេតវិមាន លោក Zalmay Khalilzad នៅសប្ដាហ៍នេះ។
បច្ចុប្បន្ននៅមានប្រទេសចំនួន១០នៅលើពិភពលោកស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ហើយប្រទេសទាំង១០នោះមានពលរដ្ឋសរុប មានតែ៦ភាគរយប៉ុណ្ណោះនៃពលរដ្ឋ ទាំងអស់លើពិភពលោក។ប៉ុន្តែចំនួនជនភៀសខ្លួនទាំងអស់នៅលើពិភពលោកវិញមានដល់ទៅ៧៤ ភាគរយ មកពីប្រទេសទាំង១០ខាងលើនេះ។
ជាមួយគ្នានោះមានប្រទេសជាច្រើនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ហើយអាចប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយធំផងដែរ ក្នុងនោះមាន ប្រទេស អ៊ីរ៉ង់ លីប៊ី និងយេមែន ស្ថិតក្នុងចំណោមប្រទេសមានជម្លោះខ្លាំងបំផុត ក្នុងឆ្នាំ២០២០ ។
អង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ បានឲ្យដឹងថា បើតាមការសង្កេតមើល នៅដើមឆ្នាំ២០២០នេះ ប្រទេសដែលមានជម្លោះខ្លាំងក្លាបំផុត នៅលើពិភពលោក រួមមាន ប្រទេសអ៊ីរ៉ង់ លីប៊ី និងយេមែន។ ស្ថានភាពនយោបាយរបស់ប្រទេសអ៊ីរ៉ង់ បានប្រឈមមុខជាមួយអាមេរិក កាន់តែខ្លាំងក្លាឡើង ក្រោយពេលប្រធានាធិបតីអាមេរិក បញ្ជាឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ វាយប្រហារសម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ Qasseim Soleimani និងមេដឹកនាំកងជីវពលរបស់អ៊ីរ៉ាក់ នៅជិតអាកាសយានដ្ឋានអន្ដរជាតិទីក្រុងបាដាដ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយការវាយប្រហារខាងលើនេះ រំលងបានតែ៥ថ្ងៃ អ៊ីរ៉ង់ ក៏បានវាយប្រហារសងសឹក ដោយមីស៊ីលបាល្លីស្ទីក (Ballistic) ទៅលើមូលដ្ឋានកងទ័ពអាកាសអាមេរិក ចំនួន២កន្លែង នៅលើទឹកដីអ៊ីរ៉ាក់។ ស្ថានការណ៍នេះ បានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹងដាក់បន្ថែមទៀត ខណៈប្រទេសទាំ ង២កំពុងតែប្រឈមមុខដាក់គ្នាស្រាប់ផង។ រីឯប្រទេសលីប៊ី ក៏កំពុងតែញាំញី ដោយអំពើហិង្សា និងការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ក្រោយការផ្ដួលរំលំមេដឹកនាំផ្ដាច់ការ លោក Muammar Qaddafi កាលពីអំឡុងឆ្នាំ២០១១។ ចំណែកប្រទេសយេមែនវិញ ក៏ជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសមានជម្លោះយ៉ាងខ្លាំងក្លា ទាំង១០របស់ពិភពលោកផងដែរ។
អង្គការវិបត្តិអន្តរជាតិ បានថ្លែងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកកំពុងដើរតួជាថ្មី នៅលើឆាកអន្ដរជាតិ ខណៈប្រទេសចិនបានបង្កើនឥទ្ធិពលរបស់ខ្លួន ហើយប្រទេសរុស្ស៊ី កំពុងសម្លឹងមើលការទាញផលចំណេញពីគោលនយោបាយលើប្រទេសមានជម្លោះ។ ប្រទេសមានជម្លោះទាំងបី នៅក្នុងតំបន់ Mena នឹងមានសារៈសំខាន់ចាំបាច់ សម្រាប់ប្រទេសមហាអំណាចទាំងនេះ។
អង្គការនេះនឹងស្វែងរក «ការជូនដំណឹង ដើម្បីការពារជម្លោះ ដែលអាចសម្លាប់មនុស្សបាន» ដោយបានកំណត់ថា ជម្លោះនេះក្លាយជាឧបករណ៍វាស់ស្ទង់ដ៏សំខាន់ នៃស្ថានការណ៍របស់ពិភពលោក។ ជាមួយគ្នានេះ ជម្លោះក្នុងតំបន់ចំនួន៣ ត្រូវអង្គការនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រួមមាន ប្រទេសអាហ្វហ្គានីស្ថាន អេត្យូពី ប៊ឺគីណាហ្វាសូ កូរ៉េខាងជើង កាស្មៀរ វេណហ្ស៊ុយអេឡា និងអ៊ុយក្រែន ជាដើម ៕