ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានប្រកាច់ដេកដួលនៅលើស្មៅមាត់ទន្លេស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានប្រកាច់ដេកដួលនៅលើស្មៅមាត់ទន្លេ ស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១ព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ ២០២០ ស្ថិតត្រង់ចំណុចសួនច្បារមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងជើងវត្តឧណ្ណាលោម) ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជ្រុយ អាយុ ៣៧ ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ព្រមទាំងមិនដឹងថាមានសាច់ញាតិឬអត់នោះទ្បើយ ។

ប្រភពពីពលរដ្ឋ បានឲ្យដឹងថា ជនរងគ្រោះ ទើបតែចេញពីមណ្ឌលកែប្រែ ៤ ថ្ងៃប៉ុណ្ណោះ គឺមកស្នាក់នៅតាមសួនច្បារមាត់ទន្លេកន្លែងកើតហេតុ ដោយដើរសុំលុយគេតាមមាត់ទន្លេ និងរើសអេតចាយ ដើម្បីយកលុយមកទិញអាហារហូប ។ នៅព្រឹកម៉ោង ៩ ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ បានស្រែកប្រាប់អ្នកធ្វើដំណើរ នៅជិតកន្លែងកើតហេតុថា ខ្លួនមានអាការចុកឆ្អល់ ក្នុងពោះ ពិបាកដកដង្ហើម ភ្លាមនោះ ក៏មានពលរដ្ឋ បានទាក់ទងទៅខាងអង្គការមិត្តសំឡាញ់មណ្ឌលកែប្រែ នៅឯព្រែកស្ពឺឲ្យមកទទួលយកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ។

ប៉ុន្តែខាងអង្គការ បានប្រាប់ថា ម៉ោង ១ រសៀល ទើបមកទទួលបាន ស្រាប់តែម៉ោង ១១ព្រឹកជនរងគ្រោះ បានប្រកាច់ននៀលស្រែកខ្លាំងៗ លើស្មៅសួនច្បារ កន្លែងកើតហេតុ រួចក៏ដាច់ខ្យល់ស្លាប់តែម្ដង ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ច បានចុះមកដល់ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង ពេលធ្វើកំណត់ហេតុរួច បានទាក់ទងទៅរថយន្តសាមុយ ដឹកយកសពទៅតម្កល់នៅវត្តទួល រង់ចាំបូជានៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖