ភ្នំពេញ៖ ពិតជាគួរឲ្យអាណិត តារាសម្តែងប្រុសមាស សៀវប៉ាយ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នាជាមួយម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់រហូតសន្លប់មិនទាន់ដឹងខ្លួន ។ ស្ថានភាពជំងឺធ្ងន់ធ្ងរគឺបានជំរុញឲ្យ ក្រុមគ្រួសារ និង សម្រេចបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាមទាំងក្តីព្រួយបារម្ភស្របពេលគ្រួសារកំពុងមានស្ថានភាពខ្វះខាតថវិកាផងនោះ ។
ជាអ្នកសិល្បៈដែលមិនមានឈ្មោះបោះសំឡេងលេចធ្លោរខ្លាំងមែន ប៉ុន្តែ មាស សៀវប៉ាយ បានសាងកេរឈ្មោះយ៉ាងល្អក្នុងចង្កោមអ្នកសិល្បៈ ។ តារាប្រុសរូបនេះទទួលបានការរាប់អានច្រើនពីអ្នកសិល្បៈ ក៏ព្រោះតែលោកធ្លាប់បង្ហាញមុខក្នុងកម្មវិធីមនុស្សធម៌នានា និងមានជីវិតតស៊ូ ដែលក្រៅពីការងារសិល្បៈលោកក៏ជាបុគ្គលិកបម្រើការងាររត់តុនៅក្លឹបកម្សាន្តQK (អតីតក្លឹបកម្សាន្តTown) ផងដែរ ។ អកុកសលក្រោយចេញពីធ្វើការពេលរាត្រីនាម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី១២ ខែមករាឆ្នាំ២០២០តារារូបនេះជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបណ្ដាលឲ្យដួលរបួសត្រង់ចំណុចក្បាល និងដេកសម្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុតែម្តង ។
បើតាមប្រភពពីក្រុមគ្រួសាររបស់តារាប្រុសលោក មាស សៀវប៉ាយ បានបញ្ជាក់ប្រាប់ឲ្យដឹងថាលោក មាស សៀវប៉ាយ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)ទៅកាន់មន្ទីរពេទ្យជោរីនៃក្រុងហូជីមិញប្រទេសវៀតណាមដើម្បីធ្វើការសង្គ្រោះជីវិតព្រោះស្ថានភាពជំងឺមិនមានសភាពធូរស្រាលឡើងពោលគឺនៅតែសន្លប់ស្ដូកស្ដឹងមិនទាន់ដឹងខ្លួនទេ ។ ប្រភពបានបន្តថាស្ថានភាពរបស់លោក មាស សៀវប៉ាយ អំឡុងពេលនេះស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយដោយសារតែពេលជួបគ្រោះថ្នាក់ចរាចរណ៍នោះគឺបណ្ដាលឲ្យប៉ះពាល់ខ្លាំងផ្នែកក្បាលទើបសម្រេចបន្តយកទៅព្យាបាលនៅប្រទេសវៀតណាមស្របពេលដែលពេលនេះក្រុមគ្រួសារកំពុងជួបការលំបាកលើថវិកាព្យាបាល និងអំពាវនាវឲ្យមហាជនជួយផងនោះ ។
បងស្រីរបស់ មាស សៀវប៉ាយ បានបញ្ជាក់ថា ការសម្រេចចេញទៅព្យាបាលនៅប្រទេសវៀតណាមនេះគឺ ដោយសារបានការជួយជ្រោមជ្រែងពីសំណាក់ខាងម្ចាស់ក្លឹបQK និងសប្បុរសជនបានប្រមាណ២ពាន់ដុល្លារ បូករួមទាំងក្រុមសិល្បករប្រមាណជាង១ពាន់ដុល្លារ ដើម្បីសម្រួលដល់ការព្យាបាលសង្គ្រោះជីវិតតារារូបនេះ៕ វឌ្ឍនា