ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងប៉ុស្តិ៍យាមការដ្ឋានស្ពានអាកាសចោមចៅ ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងប៉ុស្តិ៍យាមកន្លែងស្ពានអាកាសចោមចៅ ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ទីតាំងស្ថិតនៅក្នុងប៉ុស្តិ៍យាមកន្លែងការដ្ឋានសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរូបនោះឈ្មោះសី សេរីវឌ្ឍន៍ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១ ភូមិ៤ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីយប់ជនសង្ស័យបានចូលយាម និងដេកដូចធម្មតានៅក្នុងប៉ុស្តិ៍ លុះព្រឹកឡើងមិនឃើញជនរងគ្រោះខាងលើមិនភ្ញាក់ កម្មករដែលចូលទៅធ្វើការនៅទីនោះ ក៏បាននាំគ្នាដាស់ឲ្យក្រោក ស្រាប់តែភ្ញាក់ព្រើត ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបនាំរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ។

បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យជាជំហ៊ានដំបូង និងបានសង្ស័យថា ជនរងគ្រោះស្លាប់ដោយជំងឺខ្យល់គរ ក្រោយមក ខាងការដ្ឋានសំណង់ខាងលើបានដឹកសពចេញទៅកាន់វត្តជម្ពូវ័នដើម្បីឲ្យនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិនិត្យកោសល្យវិច័យ ៕ សុខាសែនជ័យ


ចែករំលែក៖