ខេត្តសៀមរាប: ដើម្បីចង់កែលម្អទីក្រុងទេសចរណ៍ឲ្យមានសោភ័ណភាពនិងបរិស្ថានល្អអាជ្ញាធរភូមិស្វាយដង្គំ និងភូមិថ្មី ក្រុងសៀមរាប ដោយមានការចូលរួមពីបុគ្គលិក ក្រុមហ៊ុន ម៉ាដាមឃ្លីនផង បានរួមគ្នាចុះប្រមូលសំរាម ចេញពីក្នុងប្រពន្ធ័ លូបង្ហូរទឹកស្អុយ នៅកណ្តាលទីក្រុងមួយនេះយ៉ាងសស្រាក់សស្រាំ ។
ការចុះប្រមូលសំរាម ចេញពីក្នុងប្រពន្ធ័ លូបង្ហូរទឹកស្អុយ កណ្តាលក្រុងសៀមរាបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃ សុក្រ ៦ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ ក្រោយពីបានពិនិត្យឃើញមានសំរាមជាច្រើនអណ្តែតតាមលូបង្ហូរទឹកស្អុយ នាំឲ្យប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសធ្វើឲ្យអ្នកទេសចរជាតិអន្តរជាតិឃើញធ្វការរិះគន់ថា ទីក្រុងទេសចរណ៍សម្បូរប្រាសាទមួយនេះគ្មានអនាម័យល្អ ។
លោកមេភូមិស្វាយដង្គំបានឲ្យដឹងថា ក្រោយប្រមូលសំរាមក្នុងប្រព័ន្ធលូទឹកស្អុយនេះឃើញថាសំរាមច្រើនជាកាកសំណល់ប្លាស្ទិក និងសំបកដូងដែលបងប្អូនប្រជាពលរដ្ឋយើងខ្វះការយល់ដឹងយកទៅបោះចោលក្នុងប្រព័ន្ធលូ ហើយបើយើងមិនស្រង់យកចេញទេ នឹងស្ទះទឹកហូរលែងរួចនៅរដូវវស្សាខាងមុខនេះ ។
លោកមេភូមិក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរ សូមមេត្តាភ្ញាក់រលឹកទាំងអស់គ្នាចូលរួមការពារបរិស្ថាននិងអនាម័យស្អាត ដោយឈប់បោះសំរាមចូលក្នុងប្រពន្ធ័ លូបង្ហូរទឹកស្អុយ តទៅទៀត ៕ ប្រាថ្នា