ព័ត៌មានទាន់ហេតុការណ៍៖

ទៅស៊ីឈ្នួលដកដំឡូងឲ្យគេអស់ ភ្លើងឆេះព្រៃរាលដាលឆេះដល់ផ្ទះអស់គ្មានសល់

ចែករំលែក៖

ខេត្តបាត់ដំបង: ផ្ទះឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មួយខ្នងក្លាយជាចំណីព្រះអគ្គីលេបត្របាក់គ្មានសល់តែមួយប៉ប្រិចភ្នែក គ្រាដែលម្ចាស់បិទទ្វារចោលចាកចេញទៅស៊ីឈ្នួលដកដំឡូងឲ្យគេនៅទីឆ្ងាយ ហើយត្រូវភ្លើងឆេះរាលដាលដល់គ្មានអ្នកណាជួយពន្លត់ទាន់ឡើយ ។

អគិ្គភ័យនេះកើតឡើងកាលវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃ សុក្រ ៦ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

មន្រ្តីនគរបាលស្រុកថ្មគោលបានឲ្យដឹងថា អគ្គិភ័យផ្ទះពលរដ្ឋ១ខ្នងនេះ ទំហំ៦គុណ៧ម៉ែត្រ សង់ឆ្ងាយពីគេឯង ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ជាកម្មសិទ្ធរបស់ម្ចាស់ផ្ទះឈ្មោះ រឿន ភាព ភេទប្រុស អាយុ ៣៦ឆ្នាំ ប្រពន្ធឈ្មោះ សូត្រ ធៀវ ភេទស្រី អាយុ ៣៦ឆ្នាំ អ្នកទាំង ២ ជាកសិករក្រីក្រ មានកូនក្នុងបន្ទុក ៥នាក់ ហើយការឆេះនេះដោយសារភ្លើងឆេះព្រៃរាលដាលដល់ផ្ទះគ្រាដែលម្ចាស់ផ្ទះទាំងប្តី ប្រពន្ធកូន ទៅស៊ីឈ្នួលដកដំឡូងឲ្យគេគ្រាន់បានលុយទិញអង្ករឲ្យកូនហូបនៅទីឆ្ងាយ ។

រីឯសម្ភារ:ខូចខាតមានអង្ករ ៥០kg ម៉ូតូចាស់ ១គ្រឿង សៀវភៅគ្រួសារ និងសម្លៀកបំពាក់មួយចំនួន ហើយមកដល់ពេលនេះអាជ្ញាធរមូលដ្ឋានកំពុងជួយឧបត្ថម្ភស្បៀងអាហារនិងជម្រកខ្លះៗប៉ុណ្ណោះ ៕ ប្រាថ្នា


ចែករំលែក៖