ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតប្រជែងអាវុធ រវាងអាមេរិក រុស្ស៊ី និងចិន មូលនិកាមូនិធិការពារជាតិលើពិភពលោកកើនឡើង

ចែករំលែក៖

មូលនិធិការពារជាតិ​រវាងអាមេរិក រុស្ស៊ី និងចិន​ បានជំរុញឲ្យ បណ្តាប្រទេសនៅលើពិភពលោក​ បង្កើនការចំណាយសម្រាប់ ការពារជាតិ​ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល​១០ឆ្នាំកន្លងមក​។

សារព័ត៌មាន​ Sputnik ​បានដកស្រង់របាយការណ៍ស្តីពីមូលនិធិការពារជាតិ​​​របស់ វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្ដអន្ដរជាតិ IISS ​នៅទីក្រុងឡុងដុង​បានបញ្ជាក់ថា​ មូលនិធីការពារជាតិនៅលើបិភបលោក កើនឡើង ​៤ភាគរយ​នៅក្នុងឆ្នាំ​២០១៩​ នេះជាការចំណាយច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល​១០ឆ្នាំកន្លងមក​។ការបង្កើនការចំណាយលើវិស័យការពារជាតិខ្ពស់បំផុត នៅលើពិភពលោក ជាសញ្ញា បង្ហាញពីប្រកួតប្រជែងអំណាចយោធោ នៅលើពិភពលោកផងដែរ។

វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្ដអន្ដរជាតិ (IISS) បានបញ្ចេញតួលេខ ពីការស្រាវជ្រាវសមត្ថភាពកងទ័ព នៅឯសន្និសីទសន្ដិសុខ​ ក្នុងទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក​ និងចិន បានបង្កើនការចំណាយលើវិស័យការពារជាតិ របស់ខ្លួន រហូតដល់ទៅ ៦,៦ភាគរយ។ រីឯកម្មវិធីទំនើបឧបនីយកម្មយោធារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង រួមមាន ការអភិវឌ្ឍមីស៊ីលមានល្បឿនលឿនជាងសំឡេង ដែលអាចនឹងពិបាកការពារ។ នេះក៏ជាសញ្ញាប្រកាសអាសន្នដល់រដ្ឋាភិបាល ទីក្រុង វ៉ាស៊ីនតោន និងជំរុញឲ្យអាមេរិកបង្កើនការចំណាយលើវិស័យការពារជាតិបន្ថែមទៀត។
បើយោងតាមរបាយការណ៍តុល្យការយោធាប្រចាំឆ្នាំរបស់វិទ្យាស្ថាន​ IISS បានឲ្យដឹងថា ចន្លោះពីឆ្នាំ២០១៨-២០១៩ អាមេរិក​បានបង្កើនការចំណាយលើវិស័យការពារជាតិបន្ថែម ​ចំនួ៥៣,៤ពាន់លានដុល្លារអាមេរិក។ ថវិកាបន្ថែមលើវិស័យការពារជាតិ​របស់អាមេរិកនេះ គឺច្រើនជាងការចំណាយលើវិស័យការពារជាតិទាំងមូលរបស់ចក្រភពអង់គ្លេសថែមទៀតផង។

របាយការណ៍ដដែល បានសន្និដ្ឋានថា ការចំណាយលើវិស័យការពារជាតិ នៅអឺរ៉ុប បានឈានដល់កម្រិត មិនធ្លាប់មាន ចាប់តាំងពីមុនពេលមានវិបត្តិហិរញ្ញវត្ថុ នាឆ្នាំ២០០៨ ដោយកើនឡើង ៤,២% បើប្រៀបធៀបនឹងឆ្នាំ២០១៨។ រីឯប្រទេសជាសមាជិក​ណាតូ ក៏បានព្យាយាមបង្កើន​ការចំណាយ រហូតធ្វើឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ចោទប្រកាន់ប្រទេសទាំងនោះ កំពុងតែធ្វើតាមលំអានអាមេរិក។

បើយោងតាមគេហទំព័រ Wikipedia បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ អាមេរិក បានបង្កើនការចំណាយលើវិស័យការពារជាតិ រហូតដល់ទៅ៧៥០ពាន់លានដុល្លារអាមេរិក ដោយឈរក្នុងដំណាប់លេខ១របស់ពិភពលោក។ ចិនឈរក្នុងលំដាប់លេខ២ ចំណាយ ២៣០ពាន់លានដុល្លារ ។ អារ៉ាប៊ីសាអ៊ូឌីត ឈរក្នុងលំដាប់លេខ៣ ចំណាយ៦៧,៦ពាន់លានដុល្លារ។ ឥណ្ឌា​ឈរក្នុងលំដាប់លេខ៤ ចំណាយ៦១ពាន់លាន។ ចក្រភពអង់គ្លេស ឈរក្នុងលំដាប់លេខ៥ ចំណាយ​ ៥៥,១ពាន់លានដុល្លារ។ អាល្លឺម៉ង់ ឈរក្នុងលំដាប់លេខ៦ ចំណាយ៥០ពាន់លាន ។ ជប៉ុនឈរក្នុងលំដាប់លេខ៧ ចំណាយ៤៩ពាន់លានដុល្លារ។ រុស្ស៊ី ឈរក្នុងលំដាប់លេខ៨ ​ចំណាយ៤៨ពាន់លានដុល្លារ។ កូរ៉េខាងត្បូង ឈរក្នុងលំដាប់លេខ៩ ចំណាយ៤៤ពាន់លានដុល្លារអាមេរិក។

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា ​បណ្ដាប្រទេស នៅតំបន់អាស៊ាន​ ដែលចំណាយទៅលើវិស័យការពារជាតិ រួមមាន ប្រទេសសិង្ហបុរី​ បានចំណាយ១១,២ពាន់លានដុល្លារអាមេរិក។ ឥណ្ឌូនេស៊ី ចំណាយ៧,៦ពាន់លានដុល្លារអាមរិក។ ថៃចំណាយ៧,១ពាន់លានដុល្លារ ។ វៀតណាម ចំណាយ៥,៥ពាន់លានដុលា្លរ ។ ម៉ាឡេស៊ី ចំណាយ៤ពាន់លានដុល្លារ ។ ហ្វីលីពីន ចំណាយ៣,៤៧ពាន់លានដុល្លារ។ មីយ៉ាន់ម៉ា (ភូមា) ចំណាយ ២,៦៥ពាន់លានដុល្លារ។ កម្ពុជា ចំណាយ៦០៤​លានដុល្លារ។ ឡាវ ចំណាយ១៨,៥លានដុល្លារអាមេរិក។

បច្ចុប្បន្នអាមេរិក និងរុស្ស៊ីកំពុងតែប្រកួតប្រជែងអាវុធល្បឿនលឿន ហើយពេលនេះអាមេរិក មានគម្រោងផលិតអាវុធមីស៊ីល អាចចាក់ទម្លុះ ប្រព័ន្ធការពារ ដ៏ទំនើបរបស់រុស្ស៊ីគឺ​ S-400។

គម្រោងផលិតអាវុធខាងលើ​របស់អាមេរិក ត្រូវបានក្រសួងការពារជាតិ​អាមេរិក ប្រកាសជាផ្លូវការ ហើយត្រូវចំណាយប្រាក់​១ពាន់លានដុល្លារ ទិញអាវុធ ១០១៨​​ដើម ប្រភេទ​PrSM ​អាចវាយប្រហារគោលដៅយ៉ាងមានប្រសិទ្ធភាព។ មីស៊ីលទាំងនោះ នឹងដាក់ឲ្យប្រើប្រាស់​នៅកម្លាំងមីស៊ីលជួរមុខ ​ដើម្បីវាយប្រហារលើ​គោលសត្រូវ​។​
សារព័ត៌មាន​Defence Blog បានផ្សាយថា​មីស៊ីល PrSM​ មានគោលដៅ​ចាក់ទម្លុះ​ប្រព័ន្ធការពារ​ដ៏ទំនើបរបស់រុស្ស៊ី​​S-400 ។ ចំណែកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ​​មីស៊ីល​ខាងលើ​​របស់អាមេរិក គឺទុកសម្រាប់ប្រឆាំងនាវាចម្បាំងរបស់ចិន​។

លោក​ John Rafferty ​មេបញ្ជាការកម្លាំងមីស៊ីល អាមេរិកបានបញ្ជាក់ថា ការបំពាក់អាវុធ​ថ្មី​​ដើម្បីផ្លាសប្តូរ​ប្រព័ន្ធមីស៊ីល​ ATACMS ​។មីស៊ីលថ្មី​មានទំហំតូចជាង​ ATACMS ងាយស្រួលនៅក្នុងការដាក់ពង្រាយ​តាមទីតាំងនានា។មិនតែប៉ុណ្ណោះ​​​មីស៊ីល​ខាងលើអាចវាយប្រហារ​ចាក់ទម្លុះចូលជ្រៅនៅទីតាំងរបស់សត្រូវ។ មីស៊ីលនេះអាចកម្ទេចគោលដៅ ចម្ងាយដល់ទៅ​៥០០កីឡូម៉ែត្រយ៉ាងមានប្រសិទ្ធភាព ។ អាមេរិកចាត់ទុកមីស៊ីលខាងលើ​ជាគូប្រជែងរបស់មីស៊ីល​ Iskander-M របស់រុស្ស៊ី​៕


ចែករំលែក៖