រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានផ្ញើលិខិតឡើងទៅកាន់តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ICC ឲ្យបើកការស្រាវជ្រាវ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់អាមេរិកតាមរយៈការដាក់ទណ្ដកម្មសេដ្ឋកិច្ចទៅលើប្រទេសវេណេហ្ស៊ុយអេឡា។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងការបរទេសវេណេហ្ស៊ុយអេឡា លោក Jorge Arreaza បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក គឺជាសង្គ្រាមប្រឆាំងពលរដ្ឋវេណេហ្ស៊ុយអេឡា បំពានច្បាប់ងន្តរជាតិ ដូច្នេះអាមេរិកត្រូវតែបញ្ចប់ជាបន្ទាន់។
ជាមួយគ្នានោះដែរ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា អាជ្ញាធររបស់លោកមិនបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បញ្ជូនទៅពន្ធនាគារដោយសារតែតុលាការមិនបានចេញបញ្ជា។ ប៉ុន្តែព្រមពេលជាមួយគ្នាលោកព្រមានថា ការចាប់ខ្លួនលោក Guaido អាចនឹងត្រូវធ្វើឡើង។
នៅក្នុងជំនួបជាមួយសារព័ត៌មានអន្តរជាតិនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់ថា «ប្រព័ន្ធតុលាការវេណេស៊ុយអេឡានឹងសម្រេចចិត្តថា តើត្រូវបញ្ជូនលោក Guaido ទៅកាន់ពន្ធនាគារ ឬក៏យ៉ាងណាសម្រាប់បទឧក្រិដ្ឋដែលលោកបានប្រព្រឹត្ត… ជាការពិតណាស់ ថ្ងៃនោះមិនទាន់មកដល់នោះទេ ប៉ុន្តែលោកនឹងបានទៅដេកក្នុងពន្ធនាគារ ហើយថ្ងៃនោះនឹងមកដល់»។
គួរជម្រាបថា ការលើកឡើងរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ កើតមានឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Guaido បានត្រឡប់មកពីសហរដ្ឋអាមេរិក និងអឺរ៉ុបវិញ រីឯខាងទីក្រុងការ៉ាកាស់បានចោទថា ការធ្វើដំណើរទៅបរទេសនេះ គឺជាទង្វើរំលោភលើបទបញ្ជាតុលាការកំពូលវេណេស៊ុយអេឡា ដែលបានហាមលោក Guaido ធ្វើដំណើរចាកចេញពីប្រទស៕


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច