ព័ត៌មានទាន់ហេតុការណ៍៖

វីវរហើយ..! ករណីអតីតមេយោធាខេត្តបន្ទាយមានជ័យ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់អោយឈ្មួយនៅស្រុកភ្នំស្រុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអំពើពុករលួយ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេយោធាខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជាមេបញ្ជាការង យោធភូមិភាគទី៥ បាន
បែកធ្លាយជាឯកសារ រឿងយកដីអង្គភាពកងទ័ព បង្កបង្កើនផល១៥០ហិកតា នៅស្រុកភ្នំស្រុកទៅលក់ឲ្យឈ្មួញ សុីដាច់ថ្នាក់ក្រោម រំលោភទំនុកចិត្តថ្នាក់លើ បំពានលើលក្ខ័ន្តិកៈកងទ័ព បានធ្វើអោយមានប្រតិកម្មពីថ្នាក់លើ ឈានដល់អង្គភាព យោធភូមិភាគទី៥ បានបង្កើតគណៈកម្មការស្រាវជ្រាវឡើងវិញក្នុងរឿងនេះ។
តាមរយៈឯកសារបានបង្ហាញថា៖ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង​ ខេត្តបន្ទាយមានជ័យ បានប្រមូលយកដីចំនួន១៥០ហិកតា នៅទីតាំង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់កងទ័ពបង្កបង្កើនផល និងចិញ្ចឹមសត្វទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ។ ប៉ុន្តែត្រូវបែកធ្លាយមុននេះប្រមាណ១សប្តាហ៍ អាចនឹងឈានដល់មានការផ្តន្ទាទោស ឬអនុវត្តតាមលក្ខ័ន្តិកៈកងទ័ព ប្រសិនបើការស្រាវជ្រាវ ការកោះហៅអ្នកដែលពាក់ព័ន្ធ សាក្សីរកឃើញថា លោកផ្កាយ២ ភ្លន់ តារា មានជាប់ពិរុទ្ធក្នុងអំពើល្មើសច្បាប់យកដីអង្គភាព១៥០ហិកតានោះលក់អោយឈ្មួញពិតមែន។
សូមរម្លឹកថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០១២ លោក ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានធ្វើសំណើរមួយច្បាប់ ទៅកាន់លោក អ៊ុង អឿន ដែលកាលនោះកាន់តំណែង ជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំអនុញ្ញាតប្រើប្រាស់ដីស្រែ ចំនួន១៥០ហិកតា ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យយោធាខេត្តដុងថាប់ ភូមិភាគទី៩ នៃកងទ័ពប្រទេសវៀតណាម មកជួយផ្នែកបច្ចេកទេស កសិកម្មបង្កបង្កើនផល និងចិញ្ចឹមសត្វ ដល់យោធាកម្ពុជា។
សំណើដដែលបានឲ្យដឹងថា៖ ដីស្រែខាងលើនេះ គឺវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រើប្រាស់ធ្វើស្រែ និងចិញ្ចឹមសត្វពាហនៈផ្សេងៗ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន (២០១២) ហើយដីនេះពុំមានជាប់ព័ន្ធ ជាមួយប្រជាពលរដ្ឋនោះឡើយ។

តាមរយៈឯកសារកិច្ចសន្យាទិញលក់ដី បានឲ្យដឹងថា៖ ក្រោយស្នើសុំបានដី១៥០ហិកតាខាងលើនេះ ពីរដ្ឋបាលខេត្តបានរួចហើយ ឧត្តមសេនីយ៍ ភ្លន់ តារា មិនបានយកដីទាំងនោះ ទៅឲ្យកងទ័ពបង្កបង្កើនផលនិងចិញ្ចឹមសត្វនោះទេ ផ្ទុយទៅវិញ គាត់បានយកដីទាំងនោះទៅលក់ឲ្យឈ្មួញ ចំនួន៨នាក់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ និងទើបប្រមូលលុយបានអស់ នៅក្នុងឆ្នាំ២០១៨ ក្នុងតំលៃរាប់មុឺន រាប់សែនដុល្លា។ ប៉ុន្តែរឿងនេះបានដឹងដល់ថ្នាក់លើនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បញ្ជាដាច់ណាត់អោយអង្គភាព យោធភូមិភាគទី៥ ធ្វើកិច្ចការស្រាវជ្រាវដោយប្រញ៉ាប់បំផុត។
ពាក់ព័ន្ធករណីនេះ អង្គភាព «នគរដ្រេហ្គន»មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកផ្កាយ២ ភ្លន់ តារា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែលោក សេង គី អតីតអភិបាលស្រុកភ្នំស្រុក បានប្រាប់អង្គភាព «នគរដ្រេហ្គន»នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ថា៖ សូមមើលឯកសារទៅ ករណីខ្ញុំបានចុះហត្ថលេខានោះ គឺក្នុងនាមប្រគល់អោយអង្គភាពសឹករងខេត្ត ដោយដីនេះជាដីរបស់ គ្រប់គ្រងដោយខេត្ត ហើយអង្គភាពសឹករងខេត្តបន្ទាយមានជ័យ ក៏ជាអង្គភាពរបស់រដ្ឋ ទើបខ្ញុំហ៊ានចុះហត្ថលេខា។ លោកអភិបាលស្រុកបន្តថា៖ បើកាត់អោយឯកជនវិញ កុំថាឡើយដល់ទំហំដីជាង១០០ហិកតា សូម្បីតែ១ហិកតា ក៏ខ្ញុំមិនហ៊ានចុះហត្ថលេខាដែរ ព្រោះជាដីរដ្ឋ។
លោកឧត្តមសេនីយ៍ ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានទទួលស្គាល់ថា ដី១៥០ហិកតា ដែលស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាដីអង្គភាពកងទ័ពពិតប្រាកដមែន កាលនោះលោកជាកូនចៅមិនហ៊ានតវ៉ាទេ ខ្លាចមេចោទប្រកាន់ថាគាត់ប្តឹងកកាយមេរឿងលក់ដីអង្គភាពនេះ។
លោកឧត្តមសេនីយ៍ ជឹម ប៊ុនអាន តាមទូរស័ព្ទជាមួយអង្គភាព «នគរដ្រេហ្គន»នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា៖ រឿងនេះឃើញថ្នាកលើបានចុះមកស្រាវជ្រាវហើយប៉ុន្មានថ្ងៃនេះ ខ្ញុំក៏បានឆ្លើយប្រាប់ផងដែរថា ដីនេះជាដីអង្គភាព តំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យ ចំពោះបុគ្គលយកទៅលក់អោយឯកជន ជារឿងរបស់គាត់ ដោយសារសម័យនោះខ្ញុំជាកូនចៅគ្មានសិទ្ធ។ លោកបន្តថា៖ ថ្នាក់លើបន្តពីខ្ញុំទៀតបានធ្វើអធិការកិច្ច ខ្ញុំបានត្រឹមតែចាំឆ្លើយប៉ុណ្ណោះ បន្ទាប់ពីខាង យោធភូមិភាគទី៥កំពុងសើរើ។ សូមបញ្ជាក់ថា៖ បញ្ហាលោកផ្កាយ២ ភ្លន់ តារា យកដីរដ្ឋទំហំ១៥០ហិកតា អាចពាក់ព័ន្ធនិងលោក ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យ ដែលឡើងមកថ្មី ខណៈគាត់មិនមានឆន្ទៈធ្វើរបាយការណ៍ក្នុងរឿងនេះជូនថ្នាក់លើពីទំហំដីដែលស្ថិតក្នុងការគ្រប់គ្រងរបស់អង្គភាព ត្រូវបានបាត់បង់ ហើយដល់បែកធ្លាយទើបគាត់ ហ៊ានចេញមុខថាដី១៥០ហិកតា ដែលលោកផ្កាយ២ ភ្លន់ តារា បានលក់អោយឯកជន ជាដីរបស់អង្គភាព។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធភូមិភាគទី៥ បានអោយដឹងថា៖ ខ្ញុំបានចាត់ចែងបង្កើតគណៈកម្មការរួចហើយ បន្ទាប់ពីទទួលដំណឹងថា លោក ភ្លន់ តារា ត្រូវបានគេផ្សព្វផ្សាយ និងថ្នាក់តម្រូវអោយពិនិត្យឡើងវិញ រឿងយកដីអង្គភាពលក់អោយឯកជន ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ បានប្រាប់តាមទូរស័ព្ទថា៖ ករណីគេផ្សព្វផ្សាយថា លោក ភ្លន់ តារា យកដីអង្គភាពលក់អោយឯកជននោះ គឺថ្នាក់លើបានអោយសិក្សាស្រាវឡើងវិញរកការពិត ជាជំហានដំបូងត្រូវកោះអ្នកពាក់ព័ន្ធ មកសាកសួរ តែដោយថ្ងៃនេះជាថ្ងៃអាទិត្យត្រូវបានឈប់សម្រាក ខ្ញុំក៏មិនទាន់ចេញលិខិតជាផ្លូវការនៅឡើយទេ គឺបានត្រឹមទូរស័ព្ទជាបឋមសួនាំទៅកាន់អតីតអភិបាលស្រុកភ្នំស្រុក ចាស់ពីមុន មេយោធាសឹករងស្រុក មេបញ្ជាការង តំបន់ប្រតិបត្តិការរងបន្ទាយមានជ័យ និងអ្នកដទៃទៀតបានចំនួន៤-៥នាក់ហើយ។ លោកបន្តថា៖ តាមការបញ្ជាក់ពីពួកគាត់ ឆ្លើយថាដី១៥០ហិកតា ដែលលោក ភ្លន់ តារា លក់អោយឯកជន ពិតជាដីអង្គភាព តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ បានអៈអាងថា៖ ជាគោលការណ៍បើក្រុមការងារ ស្រាវជ្រាវរកឃើញថាមានកំហុសឬពិរុទ្ធ ក្នុងអំពើប្រព្រឹត្តបានលក់ដីអង្គភាព អោយឯកជនតាមរយៈមានឯកសារ សាក្សី ចម្លើយពីអ្នកដឹងឮ គ្រប់គ្រាន់ជាសំអាងហើយនោះ ដំណាក់ការទី១ ត្រូវប្រជុំពិភាគ្សាជាមួយលោកមេបញ្ជាការយោធភូមិភាគ ដើម្បីរៀបចំជារបាយការណ៍ និងទី២ អង្គភាពយោធភូមិភាគទី៥ នឹងស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ថាតើអ្នកបានប្រព្រឹត្ត ត្រូវកសាងសំណុំទៅតុលាការ ឬមួយត្រូវអនុវត្តតាមច្បាប់កងទ័ព។
លោក ឈុំ សុជាត អ្នកនាំពាក្យ ក្រសួងការពារជាតិ មិនអាចសុំការបំភ្លឺបានទេ ក្នុងករណី លោក ភ្លន់ តារា យកដីអង្គភាពលក់ ១៥០ហិកតា ដោយទូរស័ព្ទចូលគ្មានអ្នកទទួលកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
សូមបញ្ជាក់ផងដែរថា លោក ភ្លន់ តារា ធ្លាប់មានរឿងមិនប្រក្រតីជាច្រើនក្នុងការដឹកនាំអង្គភាព តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ យកដីអង្គភាពលក់ ,កាត់ឈ្មោះទាហានយកលក់អោយអ្នកដទៃ ,យកឡានអង្គភាពទៅធ្វើជំនួញដឹកឈើ ,មានបញ្ហារំលោភយកដីប្រមាណជាបីកន្លែងទៀតនៅស្រុកម៉ាឡៃ
និងល្បីទៀតថា លោក ភ្លន់ តារា មានមហិច្ឆិតាចង់រត់យកតំណែងអភិបាលខេត្តបន្ទាយមាន បើមិនបានក៏ត្រូវយកតំណែងជាមេយោធភូមិភាគទី៥ តែទីបំផុតបានតំណែងត្រឹមជាមេបញ្ជាការរង យោធភូមិភាគទី៥ ឈានដល់បែកធ្លាយរឿងយកដីអង្គភាព ទំហំ១៥០ហិកតា លក់អោយឯកជន ក្បត់ទំនុកចិត្តថ្នាក់ កើតជារឿងធំតែម្តង។
សូមរម្លឹកថា៖ បញ្ហាឯកសារទិញលក់ដី ក៏លោកផ្កាយ២ ភ្លន់ តារា មានគំនិតទុច្ចរិតដែរ ក្នុងនោះឯកសារកិច្ចសន្យាកត់និងទទួលប្រាក់រឿងលក់ដីអង្គភាព គាត់ជាអ្នកដាក់ឈ្មោះជាភាគីអ្នកលក់ ដល់ការផ្តិតស្នាមេដៃ ប្រពន្ធគាត់ជាអ្នកផ្តិត(សឹង្ហ វ៉ាន់)។ ចំណែកអ្នកចុះហត្ថលេខាទទួលប្រាក់ជាកូនបង្កើត និងជាមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ(ភ្លន់ លាងហ៊ុន) សុទ្ធតែការបន្លំឯកសារ។
បញ្ហាខាងលើនេះ គួរខាងអង្គភាពប្រឆាំងអំពើពុករលួយដំណើរការនីតិវិធី ក្នុងស្រាវជ្រាវ ខណៈជាអំពើពុករលួយដ៏ធំ ដែលមិនមានការយោគយល់ អាចអោយកើតមានក្នុងរដ្ឋបាលសម្តេចតេជោ ហ៊ុន សែន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖