ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធតាមទាន់ប្តីឌុបស្រីថ្មី ខណៈសាលក្រមតុលាការមិនទាន់សម្រេច រឿងលែងលះគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ព្រោះតែរឿងរស់នៅមិនចុះសម្រុងនឹងគ្នា រហូតប្តីប្រពន្ធមួយគូរបានសម្រេចចិត្តប្តឹងទៅតុលាការ ដើម្បីលែងលះគ្នា ប៉ុន្តែសាលក្រមតុលាការមិនទាន់សម្រេចផង ស្រាប់តែបុរសជាប្តីបានបង្កើតភ្លើងស្នេហ៍ជាមួយស្រីថ្មី ខណៈដែលកំពុងឌុបស្រីថ្មីដើរលេង ត្រូវស្រ្តីជាប្រពន្ធតាមទាន់ឈ្លោះគ្នា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានធ្វើឡើងកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសជាប្តីឈ្មោះ សុវណ្ណ អាយុ៣៧ឆ្នាំ មុខរបររកស៊ីជំនួញ ស្នាក់នៅខណ្ឌសែនសុខ ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះឆាយហ៊ាង អាយុ៣៨ឆ្នាំ មុខរបររកស៊ី រស់នៅខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីមានការប្តឹងគ្នារឿងលែងលះរួចមក បុរសជាប្តីបានមកជួលផ្ទះនៅក្បែរកន្លែងកើតហេតុខាងលើ ស្រាប់តែស្ត្រីជាប្រពន្ធដើម បានមករករឿងបុរសជាប្តី ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នាផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍តែម្តង ។ ដោយបុរសជាប្តីអះអាងថា គាត់បានលែងលះគ្នាជាប្រពន្ធដើម ដោយមានលិខិតស្នាមត្រឹមត្រូវ ចំណែកស្ត្រីជាប្រពន្ធដើមបានចោទថា ការលែងលះនោះមិនទាន់ដាច់ស្រេចផង បែរជាទៅលួចមានស្រីថ្មីមានផ្ទៃពោះរហូតដល់ទៅ៧ខែទៀតផង ។

តាមសម្តីស្ត្រីជាប្រពន្ធដើម បានឱ្យដឹងថា ប្តីប្រពន្ធរបស់គាត់ទាំងពីរនាក់ បានរៀបការមានកូនចំនួន៣នាក់ ក្នុងនោះស្រី២ និងប្រុសម្នាក់ ។ កាលពីដំបូងឡើយ នៅគ្រាក្ររស់នៅជាមួយបងថ្លៃ រកស៊ីតាំងពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នមានផ្ទះ និងមានរថយន្តសម្រាប់រកស៊ី មានជីវភាពធូរធាសមរម្យ បែរជាប្តីលួចទៅមានស្រីថ្មីរាប់ភ្លេច សូម្បីតែនារីដែលជាស្រីលួចលាក់ខាងលើ គឺជាមនុស្សធ្លាប់រស់នៅជាមួយគាត់ ជាអ្នកជួយមើលកូន ហើយគាត់ធ្លាប់តាមទាន់ប្តីនាំនាងឡើងផ្ទះសំណាក់ ទើបរូបគាត់ឲ្យនាងឈប់នៅជាមួយ តែប្តីរបស់គាត់នៅតែលួចទាក់ទងនាងមកដល់បច្ចុប្បន្ន រហូតដល់នាងខាងលើនេះមានផ្ទៃពោះ៧ខែផងដែរ ។

ប្រភពដដែលបន្តថា ប្តីរបស់គាត់តាំងពីទាក់ទងស្រីខាងលើ តែងតែបង្កឲ្យមានជម្លោះឈ្លោះប្រកែកគ្នាក្នុងគ្រួសារ និងប្រើហិង្សាវាយគាត់ជាច្រើនដងមកហើយ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ដូចជាបើករថយន្តបំបុកផ្ទះជាដើម ។ ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ទើបគាត់ដាច់ចិត្តប្តឹងលែងលះគ្នាបានជាង១ខែមកហើយ ដោយស្ម័គ្រចិត្តរៀងខ្លួន តែការលែងលះមិនទាន់ដាច់ស្រេចទេ ព្រោះការបែងចែកទ្រព្យសម្បត្តិរួចហើយ នៅសល់ប្រាក់អាហារកិច្ចថ្លៃចិញ្ចឹមកូនចំនួន២ម៉ឺនដុល្លារទៀត ដែលប្តីមិនទាន់ឲ្យគ្រប់ចំនួនផង ក៏លួចទៅរស់នៅជាមួយស្រីថ្មី ។

ដោយឡែកបុរសជាប្តី ក៏បានឲ្យដឹងដែរថា គាត់លែងលះជាមួយប្រពន្ធដើមដាច់ហើយ ព្រោះគាត់មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ គឺបានលែងលះគ្នានៅសង្កាត់ដោយមានមេធាវី និងប្រធានកិច្ចការនារីក្រុងចូលរួមផងដែរ និងមានសំបុត្រលែងលះត្រឹមត្រូវ នៅរង់ចាំតែថ្ងៃតុលាការកោះហៅតែប៉ុណ្ណោះ ទើបគាត់មករស់នៅជាមួយប្រពន្ធថ្មី តែប្រពន្ធរបស់គាត់បែរជាមកធ្វើរឿងបែបនេះទៅវិញ ។

ក្រោយកើតហេតុ ប្តីប្រពន្ធ២នាក់នេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បាននាំភាគីទាំងសងខាងទៅសួរនាំ តែដោយឃើញមានឯកសារគ្រប់គ្រាន់ ទើបសមត្ថកិច្ចធ្វើកិច្ចសន្យាណែនាំរួចបានឲ្យត្រលប់ទៅផ្ទះរៀងៗខ្លួន រង់ចាំថ្ងៃឡើងតុលាការនាពេលក្រោយ ៕ សុខា សែនជ័យ


ចែករំលែក៖