ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាលម្នាក់ ខឹងរឿងគេលួចទាក់ទងប្រពន្ធខ្លួន ប្រើកាំបិតបុ័ងតោកាប់របួសដល់ផ្ទះសំណាក់បឹងលាភ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទួលសង្កែទី១ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ ក្រសួងមហាផ្ទៃម្នាក់ ពីបទហិង្សាដោយចេតនា ក្រោយពីមន្ត្រីនគរបាលរូបនេះ ប្រើកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ដែលព្យាយាមទាក់ទងប្រពន្ធខ្លួន បណ្ដាលឲ្យរងរបួស នៅក្នុងផ្ទះសំណាក់បឹងលាភ ។

ហេតុការណ៍នេះ បានកើតមានឡើងនាវេលាម៉ោង ០៩ព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្ទះសំណាក់បឹងលាភលេខ ២៨៧ ក្រុម៥ ផ្លូវបេតុ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់របស់មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជនសង្ស័យក្នុងអំពើហិង្សាដោយចេតនានេះ មានឈ្មោះ ហ៊ឹម សុធាណារ៉ាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ នគរបាលអន្តរាគមន៍ ក្រសួងមហាផៃ្ទ ស្នាក់នៅផ្ទះលេខ២៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយសារតែបន្ទាប់ពីជនសង្ស័យជាមន្ត្រីនគរបាលអន្តរាគមន៍ ក្រសួងមហាផ្ទៃ ប្រើកាំបិតបុ័ងតោកាប់ បណ្ដាលឲ្យរងរបួស ត្រង់កំភួនដៃរួចហើយ ជនរងគ្រោះ ក៏បានឡើងជិះម៉ូតូឌុបទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។

មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ទៀតថា ក្រៅពីឃាត់ខ្លួន កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ បានចាប់យកវត្ថុតាងរួមមាន៖ កាំបិតតាំងតោចំនួន០២, ម៉ូតូ១គ្រឿងម៉ាក GBIX ពណ៌ខ្មៅ ពាក់ផ្លាកកលេខ ភំ្នពេញ 1HR-7974, វិទ្យុទាក់ទង MOTOROLA លេខ736180 មួយគ្រឿង, ទូរសព្ទ័ចំនួន០២គ្រឿងម៉ាក, VIVO ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាក iPhone 7ផ្លើស ពណ៌ខ្មៅ។

ប្រភពដដែល បានបន្ដថា នៅវេលាកើតហេតុ ជនបង្កបានចេញមកពីផ្ទះ នៅខណ្ឌសែនសុខ ដោយជិះម៉ូតូ១គ្រឿង សំដៅមកផ្ទះសំណាក់បឹងលាភ ភូមិទួលសំពៅ សងា្កត់ទួលសង្កែទី១ ហើយក៏ដើរចូលសួររកបន្ទប់ជនរងគ្រោះ ប៉ុន្តែមេការផ្ទះសំណាក់បឹងលាភ បានឆ្លើយថា គ្មានមនុស្សនៅទេ។ ត្រឹមតែមួយសន្ទុះក្រោយមក ជនបង្កបានឈរមើលទៅកាំមេរ៉ាសុវត្ថិភាព ក្នុងផ្ទះសំណាក់បឹងលាភនេះ ក៏ឃើញជនរងគ្រោះ ដើរចុះមកខាងក្រោមដល់ជាន់ទី១ ស្រាប់តែជនសង្ស័យ ដកកាំបិតបុ័ងតោចេញពីកាបូប ហើយរត់ទៅកាប់ត្រូវចំដៃជនរងគ្រោះ បណ្តាលឲ្យ របួសតែម្ដង។

មន្ត្រីនគរបាលដដែល បានឲ្យដឹងពីដំណើររឿងទៀតថា បន្ទាប់ពីផ្ទុះហិង្សាភ្លាមៗ ជនរងគ្រោះ បានហៅម៉ូតូឌុបជិះទៅរកមន្ទីរពេទ្យម្នាក់ឯង ដើម្បីព្យាបាល។ ចំណែកជនបង្កជាមន្ត្រីនគរបាលអន្តរាគមន៍ ក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងល្បាតរបស់ប៉ុស្ដិ៍ទួលសង្កែទី១ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនភ្លាមៗ យកសាកសួរតាមជំនាញ ទើបដឹងថា ករណីនេះ ផ្ដើមចេញពីភ្លើងប្រចណ្ឌ ដោយសារជនរងគ្រោះ ទាក់ទងប្រពន្ធរបស់ជនសង្ស័យ។

យ៉ាងណាក៏ដោយពេលនេះ ជនសង្ស័យ កំពុងស្ថិតក្រោមការឃាត់ខ្លួន សាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

បើតាមមន្រ្តីជំនាញសូមមិនបញ្ជេញឈ្មេះប្រាប់ថាជនរងគ្រោះប្រាប់ថាជនរងគ្រោះនឹងជនបង្កជាមិត្តភក្តិនឹងគ្នាហើយស្រ្តីនោះក៏នៅទីតាំងខាងលើដែរ៕ អរុណរះ


ចែករំលែក៖