ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ដែលយកដុំថ្មគប់កញ្ចក់រថយន្តពលរដ្ឋអ្នកធ្វើដំណើរពេលយប់បានហើយ និងបញ្ជូន សំណុំរឿងបន្ត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ទៅកាន់ការរិយាល័យជំនាញនៃស្នងការ ខេត្តចាត់ការ ។
លោកវរសេនីយ៍ឯក ធិន ស៊ីនដេត អធិការនគរបាល ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណាត់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនិមិត្ត សង្កាត់និមិត្ត៣ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកបញ្ជាក់ថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើរថយន្តជនរងគ្រោះ ចំផ្នែកខាងឆ្វេងនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បើកបរពីទីរួម ខេត្តបន្ទាយមានជ័យមកកាន់ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។
ក្រោយពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់និមិត្តបានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ ក្រុងប៉ោយបែតដោយបានការចង្អុលបង្ហាញពីលោកអធិការ ក្រុងប៉ោយប៉ែត ស៊ើបអង្កេត ករណីនេះ រហូតមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច សមត្ថកិច្ចបាន កំណត់អត្តសញ្ញាណ្ណក្មេងទំនើងបានប្រាកដមែន ហើយក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដុំថ្ម គប់ទៅលើឆ្កែ ក៏ប៉ុន្តែបណ្ដាលឲ្យត្រូវកញ្ចក់រថយន្ត ដែលបើកបរតាមផ្លូវជាតិលេខ៥ពីកើតទៅលិចនោះតែម្ដង ។
ទោះបីជាយ៉ាងណាករណីនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា ជាករណីគប់ប្លន់ យកទ្រព្យសម្បត្តិ បើសិនជាតៃកុងរេចង្កូត ទៅធ្លាក់ស្នាមភ្លោះ ឬទៅបុកអ្វីផ្សេងនោះ ជននេះ និងអាចយកទ្រព្យសម្បត្តិបានមុនគេ ដោយបង្វែរភស្តុតាងថា ជាគ្រោះថ្នាក់ចរាចរណ៍ជាដើម ៕ វណ្ណា