ខេត្តព្រះសីហនុ៖ ជនបរទេសមួយរូប ជាបុគ្គលិកទូកទេសចរណ៍ឯកជន ដែលលោតពីលើទូក ហែលទឹកសមុទ្រលេងរួចលង់ទឹកសមុទ្របាត់ខ្លួន កាលពីថ្ងៃត្រង់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខពយ២៣ ចម្ងាយពីកោះកូនប្រហែល៦០ម៉ែត្រ ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុងនោះ ត្រូវបានសមត្ថកិច្ច និងក្រុមមុជទឹកបាតសមុទ្រ តាមរកឃើញហើយ នៅវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃដដែល ។
ជនរងគ្រោះមានឈ្មោះ MPILI ADIREL GARLEY EDNICK ភេទប្រុស អាយុ24ឆ្នាំ ជនជាតិកុងហ្គោ មុខរបរជាបុគ្គលិកក្រុមហ៊ុនកោះរ៉ុងដាយស៉ីនធឺ ស្នាក់នៅភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើតាមប្រភពពីម្ចាស់ទូកបានឲ្យដឹងថា មុនពេលកើតហេតុ មានមនុស្សនៅលើទូក ចំនួន១៥នាក់ (ភ្ញៀវ ៧ នាក់) បានចុះលេងទឹកសមុទ្រអស់ នៅសល់តែខ្លួន (ម្ចាស់ទូក) និងជនរងគ្រោះ ។ មួយសន្ទុះក្រោយមក ជនរងគ្រោះបានលោតពីលើទូកចុះហែលទឹកសមុទ្រលេង ក៏បណ្តាលឲ្យលង់ទឹកបាត់ ខ្លួនតែម្តង ។
ក្រោយមករហូតដល់ម៉ោង៣និង៣០នាទី រសៀល ទើបកម្លាំងគណៈបញ្ជាកាការឯកភាព ក្រុងកោះរ៉ុងសហការជាមួយក្រុមហ៊ុនមុជទឹក ដាយស៉ីនធឺ រកឃើញជនរងគ្រោះ លិចនៅបាតសមុទ្រ ក្នុងជម្រៅទឹក៨ម៉ែត្រគៀបជាប់ថ្មក្បែរកន្លែងកើតហេតុ ។
បច្ចុប្បន្នសាកពជនបរទេសខាងលើដឹកយកទៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីធ្វើកោសល្យវិច័យបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ