ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង តែម្ចាស់រងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។ ត្រង់គល់ស្ពានស្ទឹងមានជ័យខាងត្បូង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តស៊េរី ទំនើប ម៉ាក LAND ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S. 7788 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យរងការខូចខាតបែកតិចតួចហើយរថយន្តបង្កក្រឡាប់ផ្ងារជើងម្ខាងច្រងាង ទទឹងលើស្ពាន តែម្ចាស់រងរបួសស្រាល ហើយក៏បានចេញពីកន្លែងកើតហេតុ បាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរណ៍ផ្លូវគោកវាស់វែង យករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ