ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅសង្កាត់វត្តភ្នំ ផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង ដោយសារតែឆ្លងចរន្តអគ្គិសនីបង្កឲ្យមានអណ្តាតភ្លើង ឆាបឆេះផ្ទះជនជាតិបរទេស នៅជាន់ទី១ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ។

ម្ចាស់ផ្ទះរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា ប្តីជាជនជាតិបារាំង ចំណែកឯប្រពន្ធវិញ គឺជាជនជាតិវៀតណាម ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៦១ ត្រង់ចំណុចផ្ទះជាន់ទី១ គ្មានលេខ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺប្ដីប្រពន្ធ២នាក់ខាងលើនេះ មិនបានសម្រាកនៅផ្ទះទេនោះទេ ដោយបានបិតទ្វារចោល លុះនៅវេលាម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហ៊ុយចេញមកខាងក្រៅ កើតចេញជាអណ្តាតភ្លើងឆាបឆេះ ផ្អើលទៅដល់សមត្ថកិច្ច រួមជាមួយអ្នកជិតខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់អស់ជាង១០បំពង់ និងបានទាញទុយោលទឹកទៅបាញ់ពន្លត់ផងដែរ ប៉ុន្តែមិនរលត់ភ្លាមនោះកម្លាំងនគរបាលមូលដ្ឋានបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់អស់ចំនួន១គ្រឿង ក៏រល់ទៅវិញជាស្ថាពរ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខាងពន្លត់អគ្គិភ័យបានបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យមកពីឆ្លងចរន្តអគ្គិសនី ។ រីឯសម្ភារខូចខាតមួយចំនួន តែមិនបណ្ដាលឲ្យឆេះរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋផ្សេងនោះទេ ។ ចំណែកម្ចាស់ផ្ទះក្រោយកើតហេតុនៅវេលាម៉ោង ៥ព្រឹក ទើបពួកគេត្រឡប់មកវិញ ៕ស រស្មី


ចែករំលែក៖